(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំបើកវគ្គ «សុក្រឹតការ» ជំនាន់ទី១៣ ដើម្បីបណ្ដុះបណ្ដាលឱ្យមន្រ្តីបុគ្គលិក ជាសិក្ខាកាមបានយល់ច្បាស់អំពីក្របខ័ណ្ឌ និងនីតិវិធីការងាររបស់ធនាគារជាតិនៃកម្ពុជា ពិសេសអំពីមុខងារភារកិច្ចស្នូលរបស់ធនាគារកណ្តាល ដើម្បីសម្រេចគោលដៅគោលនយោបាយ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយបរិយាប័ន្ន។

វគ្គ «សុក្រឹតការ» ជំនាន់ទី១៣នេះ រៀបចំឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្រ្ដីបុគ្គលិកធនាគារជាច្រើនរូបផងដែរ។

លោក ជា ចាន់តូ បានថ្លែងថា «វគ្គសុក្រឹតការត្រូវបានរៀបចំឡើងជាប្រចាំ ដោយបានធ្វើបច្ចុប្បន្នកម្ម លើកម្មវិធីបណ្តុះបណ្តាល និងការបង្រៀនកាន់តែល្អប្រសើរ និងបានឆ្លើយតបទៅនឹងតម្រូវការ ការងារជាក់ស្តែងដែលបានវិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ»។

លោកបន្ដថា «ខ្ញុំសូមថ្លែងការកោតសរសើរ និងអំណរគុណចំពោះមន្ត្រីបុគ្គលិកធនាគារជាតិ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើន ជូនធនាគារជាតិនៃកម្ពុជាក៏ដូចជា បានរួមចំណែកអភិវឌ្ឍវិស័យ ធនាគារនៅកម្ពុជាឱ្យមានការរីកចម្រើន ទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសាធារណជនជាតិ-អន្តរជាតិ ជាលំដាប់រហូតមកដល់បច្ចុប្បន្ននេះ»

លោកបញ្ជាក់ថា តួនាទីចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺការអនុវត្តគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពថ្លៃដែលជាមូលដ្ឋាននៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កបរិកាសអំណោយផលដល់ការវិនិយោគ។

លោកបន្ថែមថា វគ្គសុក្រឹតការជំនាន់ទី១៣នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ឱ្យក្មួយៗបានសិក្សាស្វែងយល់កាន់តែច្បាស់ពី តួនាទីរបស់ធនាគារកណ្តាល ដើម្បីជាមូលដ្ឋានក្នុងអនុវត្តការងារ ប្រកបដោយភាពជោគជ័យ។

លោកបញ្ជាក់ថា ការបណ្តុះបណ្តាលដែលជោគជ័យទាមទារឱ្យ មានការខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវទាំងគ្រូឧទ្ទេសនាម និងសិក្ខាកាមដោយគ្រូឧទ្ទេសនាម ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមានតួនាទីផ្តល់ចំណេះដឹង ទាំងទ្រឹស្តីការអនុវត្តជាក់ស្តែង និងបទពិសោធន៍ការងារដល់ក្មួយៗ រីឯក្មួយៗជាសិក្ខាកាមវិញ មានតួនាទីខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាម និងត្រូវចេះហ៊ានសួរបញ្ជាក់នៅពេលដែល មិនសូវយល់ឬឆ្ងល់ពីចំណុចណាមួយ៕