(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថនិងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីគណៈអភិបាលខណ្ឌទាំង១៤ សមាជិករៀបចំបោះឆ្នោត ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនទៀត។

លោក លន់ ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានធ្វើរបាយការណ៍អំពីការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៣ ឆ្នាំ២០១៩ ជាលទ្ធផលការបោះឆ្នោត និងការទទួលដោះស្រាយបណ្ដឹងទាក់ទងទៅនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតមានភាពប្រសើរ។

លោកបន្តថា ដំណាក់កាលនីមួយៗ នៃការបោះឆ្នោតនេះ ដោយអនុលោមតាមច្បាប់ បទបញ្ជានិងនីតិវិធីរបស់ គ.ជ.ប។ ក្នុងនោះ បានជំរុញឲ្យគណបក្សនយោបាយទាំងអស់ ក្នុងការចូលរួម សង្កេតមើលដំណើរការរៀបចំការបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានសិទ្ធិប្តឹងជំទាស់ករណីផ្ទុយនឹងបទបញ្ជានីតិវិធីរបស់ គ.ជ.ប។

ការប្រកាសលទ្ធផល នៃការបោះឆ្នោតការរបស់ គ.ជ.ប និងការបោះឆ្នោតរាជធានីភ្នំពេញ តាមរយៈការដាក់បញ្ហារួមគ្នាក្នុងអង្គសន្និបាតនៅថ្ងៃនេះ ដើម្បីស្វែងរកនូវចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំក្នុងការរៀបចំបូកសរុប ជាគោលការណ៍ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យពិចារណាធ្វើជាមូលដ្ឋាន ក្នុងការកែតម្រូវ ឬធ្វើវិសោធនកម្មការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅពេលក្រោយៗទៀត។

តាមរបាយការណ៍ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារពង្រឹងសន្តិសុខក្នុងអំឡុង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ គឺមានភាពរលូនដោយកងកំលាំងសមត្ថកិច្ចទាំងអស់ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារក្នុងថ្ងៃចាប់ឃោសនារហូតដល់ថ្ងៃបោះឆ្នោត។

លោក ឃួង ស្រេង បានកោតសរសើរចំពោះនូវលទ្ធផលការងារនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដោយទទួលបានជោគជ័យ។ លោកបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ហើយជារួមការបោះឆ្នោតកន្លងមកនេះ គឺប្រកបដោយប្រជាធិបតេយ្យដោយមានការចូលរួមពីគណបក្សនយោបាយនានា ចូលរួមបោះឆ្នោតផងដែរ។

ជាមួយគ្នានេះ លោកអភិបាល បានថ្លែងអំណរគុណដល់នៃអង្គបោះឆ្នោត ចំពោះចៅសង្កាត់ នៅរាជធានីចំនួន៨៩៩នាក់ អង្គការស៊ីវិលអ្នកសារព័ត៍មានជាតិ និងអន្តរជាតិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានការពារបានល្អ ដោយមិនមានហឹង្សាផ្នែកនយោបាយ ចំពោះគណបក្សនយោបាយនៅក្នុងអំឡុង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ប្រកបដោយលទ្ឋិប្រជាធិបតេយ្យ។ក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្ដល់ប័ណ្ណសរសើរជូនដល់គណៈអភិបាលខណ្ឌទាំង១៤ និងអ្នកដែលបានបំពេញភារកិច្ចការងារកន្លងមកផងដែរ៕