(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានចាត់ទុកថា ដោយសារតម្លៃសន្តិភាព ស្ថេរភាពនេះហើយ ទើបយើងបានបង្កើតស្រុកតាលោសែនជ័យនេះឡើង ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់កាំជណ្តើរ ដែលជាការយកចិត្តទុកដាក់ គិតគូរពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលស្រុកតាលោសែនជ័យ ស្របតាមអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ និងអនុក្រឹត្យលេខ៧០៦ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសចូលកាន់តំណែងសមាសភាពក្រុមប្រឹក្សាស្រុកតាលោសែនជ័យ ចំនួន១៥រូប ក្នុងនោះស្រី២រូប ព្រមទាំងអនុក្រឹត្យលេខ៨០៦ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានតែងតាំងលោក សំ ណារិទ្ធិ ឲ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៤៩៩៧ ត្រូវបានតែងតាំង លោក ឡុង សុជាតិ, លោកស្រី ហេង បូរ៉ានី, លោក ចេង ប៊ុនលេខ និងលោក អ៊ុក សុខា ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ។

លោក ម៉ៅ ធនិន បានថ្លែងថា ផ្តើមចេញពីកត្តាសន្តិភាពស្ថេរភាពនេះហើយ ទើបធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍ ជាក់ស្តែងដូចជាភូមិសាស្ត្រឃុំផ្ទះរុង និងឃុំតាលោ ពីដើមជាតំបន់សង្គ្រាម តែឥឡូវនេះបានប្រែក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍ ហើយត្រូវបានប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់បង្កើតស្រុកតាលោសែនជ័យ ជាស្រុកកូនពៅរបស់ខេត្តពោធិ៍សាត់នេះឡើង ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់កាំជណ្តើរ។

លោកបានប្តេជ្ញាបន្ត និងជម្រុញធ្វើការអភិវឌ្ឍន៍ស្រុកតាលោសែនជ័យ ឲ្យក្លាយទៅជាតំបន់រដ្ឋបាលមួយស្អាតល្អ គម្រូទាំងក្នុងជូរក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីថ្នាក់ក្រោម ។ ដើម្បីឲ្យការអភិវឌ្ឍន៍នៅតំបន់នេះ មានភាពរលូន និងទទួលបានជោគជ័យផ្លែផ្កា គឺមានតែបងប្អូនប្រជាពលរដ្ឋយើងរស់នៅក្នុងតំបន់នេះ ចូលរួមសហការទាំងអស់គ្នា បើមិនដូចនោះទេការអភិវឌ្ឍន៍មិនទៅរួចនោះឡើយ។ តែទោះជាយ៉ាងនេះក៏ដោយលោកសង្ឃឹមថា មិនយូរមិនឆាប់ស្រុកតាលោសែនជ័យ ពិតជាទទួលបាននូវសមិទ្ធិផលថ្មីជាច្រើន មិនចាញ់ស្រុកដ៏ទៃនោះឡើយ ព្រោះថាក្រុមប្រឹក្សា និងគណៈអភិបាលស្រុក សុទ្ធតែជាធនធានមនុស្ស មានបទពិសោធន៍លើការងារគ្រប់គ្រង ដឹកនាំ និងទទួលបានស្នាដៃច្រើន រយៈពេលកន្លងមក គឺមានតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយ រួមគ្នាអនុវត្ត។

ជាមួយគ្នានោះ ត្រូវបន្តថែរក្សាការពារសុខន្តិសុខ សណ្តាប់ធ្នាប់ គ្រប់គ្រងធនធានធម្មជាតិ ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ជម្រុញការគៀងគរ និងលើកទឹកចិត្តដល់អ្នកវិនិយោគ អភិវឌ្ឍសហគ្រាសខ្នាតតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានកាន់តែប្រសើរឡើង។

លោកបានជម្រុញដល់រដ្ឋបាលស្រុក គប្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ មកទទួលសេវាសាធារណៈនៅកន្លែងតែមួយ ច្រកចេញចូលតែមួយ ស្របតាមគោលការបែបបទ និងនីតិវិធីដែលច្បាប់បានកំណត់ បើមានជម្លោះនិងវិវាទដីធ្លី ត្រូវព្យាយាម ដោះស្រាយសម្របសម្រួល ប្រកបដោយតម្លាភាព យុត្តិធម៌ និងបញ្ចៀសឲ្យបាននូវអំពើហឹង្សា មិនបង្កភាពថ្នាំងថ្នាក់ និងបើកបេះដូងឲ្យទូលាយ ក្នុងនាមយើងជាអ្នកបម្រើប្រជាពលរដ្ឋ៕