(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ការបង្រ្កាបករណីនាំចូលជ្រូកដោយខុសច្បាប់ ជាវិធានការដ៏ក្តៅគគុក ដែលលោកបានយកចិត្តទុកដាក់បំផុត និងមានចំណាត់ការធ្ងន់ៗ រហូតចាប់ជ្រូករាប់រយក្បាលបើគិតមកដល់ពេលនេះ ប៉ុន្តែឈ្មួញខិលខូចនៅតែបន្តដឹកជាបន្តបន្ទាប់ ដែលជាទុក្ខកង្វល់ ក្នុងនាមលោក ជាមេគ្រួសារ នៃបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលបានបទបញ្ជា និងទទួលបានការរាយការណ៍គ្រប់ប្រភពព័ត៌មានរួចមក កម្លាំងជំនាញបានសហការគ្នា ធ្វើការបង្ក្រាបជាបន្តបន្ទាប់ នូវការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាង។

បើតាមលោក រី ដាវិន ឲ្យដឹងថា ក្រោយទទួលបានសារាចរណែនាំពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ ឲ្យទប់ស្កាត់ និងបង្ក្រាបរាល់ការនាំចូលជ្រូកដោយខុសច្បាប់ពីប្រទេសវៀតណាម ក្រោយមានផ្ទុះជំងឺ ប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឲ្យជ្រូកបានស្លាប់រាប់លានក្បាលនោះ លោក រួមទាំងមន្ត្រីការិយាល័យ និងសមត្ថកិច្ចជំនាញ បានសហការគ្នាបង្ក្រាប បានប្រមាណជាង ៣០ករណី ដោយចាប់បានជ្រូកប្រមាណ ៧០០ក្បាល ក្នុងនោះមធ្យោបាយដឹកជញ្ជូន មានទាំងម៉ូតូ និងរថយន្ត។

ដោយឡែក តាមរយៈការដាក់បទបញ្ជារយ៉ាងតឹងរឹងបំផុត ពីសំណាក់លោកអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីជំនាញ និងកងកម្លាំងទាំង៣ រយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ ពោលគឺថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០១៩ បានសហការ ធ្វើការចាប់បង្ក្រាបបានបន្ថែមទៀត ដោយឃាត់បានរថយន្តចំនួន៣គ្រឿង មនុស្ស៣នាក់ និងជ្រូកចំនួន៣៨ក្បាល ។

បច្ចុប្បន្ន ជ្រូកទាំង ៣៨ក្បាលត្រូវបានប្រគល់ឲ្យទៅជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី រីឯរថយន្ត និងមនុស្ស ត្រូវបានឃាត់និងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី។

ជាមួយគ្នានេះដែរលោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវផងដែរដល់បងប្អូន ដែលដឹកជញ្ជូន និងអ្នកចាំទទួលទិញ ជ្រូកខុសច្បាប់ទាំងអស់ មេត្តាបញ្ឈប់នូវសកម្មភាព បទល្មើសទាំងនេះតទៀត ព្រោះត្រូវប្រឈមទទួលនូវទោសដោយច្បាប់ ពិសេសវាប៉ះពាល់បំផុតដល់សុខភាពអ្នកបរិភោគ បើសិនជ្រូកនាំចូលទាំងនោះផ្ទុកនូវជំងឺ។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលដឹងនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ពិសេសករណីការដឹកជញ្ជូនជ្រូកនេះ សូមរាយការណ៍ទៅមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានរាល់បទល្មើសទាំងអស់ ពិសេសការនាំចូលជ្រូកដោយខុសច្បាប់នេះ ដែលជាប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីប្រទេសជិតខាង ចូលទឹកដីកម្ពុជា ពិសេសលើទឹកដីខេត្តត្បូងឃ្មុំតែម្តង។

លើសពីនេះទៅទៀត បើមានសេចក្តីរាយការណ៍ពីប្រភពព័ត៌មានច្បាស់ការនានាថា មន្ត្រីណា ឬសមត្ថកិច្ចណា ហ៊ានឃុបឃិតជាមួយឈ្មួញ បើកដៃអោយមានការនាំចូលជ្រូកនោះ ដាច់ខាតលោកនឹងចាត់វិធានការជាធរមាន៕