(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា (អ.គ.រ) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចសន្ទនាលើកទី៣ ជាមួយសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) នៅសណ្ឋាគារឡឺរ៉ូយ៉ាល ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួនរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ។

កិច្ចសន្ទនានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អ.គ.រ និងមានការចូលរួមដោយតំណាង JBAC ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស (JETRO) និងមន្ត្រីគយ និងរដ្ឋាករមួយចំនួនផងដែរ។

ថ្លែងក្នុងពិធីបើកកិច្ចសន្ទនា លោក ណូរីម៉ាសា យ៉ាម៉ាហ្សាគី ប្រធាន JBAC បានថ្លែងអំណរគុណដល់ អ.គ.រ ដែលបានសហការរៀបចំកិច្ចសន្ទនានេះឡើង និងបានធ្វើការកត់សម្គាល់ពីវិធានការកែលម្អនានាដែល អ.គ.រ បានដាក់ចេញ។

លោក គុណ ញឹម បានលើកឡើងនូវវិធានការមុតស្រួច ដែលដាក់ចេញនាពេលថ្មីៗនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក៏មានវិធានការមួយចំនួនពាក់ព័ន្ធនឹងគយផងដែរ។

លើសពីនេះទៀត លោកក៏បានគូសបញ្ជាក់នូវកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ រួមមាន៖ សន្ទុះកើនឡើងនៃការប្រមូលចំណូល ការងារបង្ការ និងបង្ក្រាបបទល្មើស អភិបាលកិច្ចក្នុងអង្គភាពគយ និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើស្វ័យប្រវត្តិកម្ម និងសាមញ្ញកម្មនីតិវិធីគយផងដែរ។

លោកក៏បានលើកឡើងពីភាពចាំបាច់ នៃការពង្រឹងកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធថែមទៀត រវាងរដ្ឋបាលគយ និងវិស័យឯកជន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការកែសម្រួលនីតិវិធីនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន។

នាឱកាសនេះ អង្គប្រជុំបានតាមដាននូវវឌ្ឍនភាពការងារពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍ និងការត្រៀមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនាដើមខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ និងកិច្ចសហការរវាង អ.គ.រ និងកាំកុងត្រូល។

ទន្ទឹមនេះ អង្គប្រជុំក៏បានស្តាប់ពីវឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធវិធានការកំណែទម្រង់សំខាន់ៗមួយចំនួនដែល អ.គ.រ បានដាក់ចេញ ស្របតាមកម្មវិធីកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ការកែសម្រួលនីតិវិធីគយ ការកាត់បន្ថយការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ការលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ ការអនុវត្តការលើកទឹកចិត្តផ្នែកគយដល់សហគ្រាសធុនតូច និងមធ្យម និងការរៀបចំសិក្សារយៈពេលបញ្ចេញទំនិញពីគយ។

បន្ទាប់មក កិច្ចសន្ទនាបានដំណើរការពិភាក្សា និងដោះស្រាយលើសំណូមពរ និងបញ្ហាចំនួន៩ចំណុច ដែលបានលើកឡើងដោយ JBAC ពាក់ព័ន្ធនឹងការកាត់បន្ថយឯកសារក្នុងទម្រង់ក្រដាស ការកែលម្អមុខងារគេហទំព័រគយ ការគ្រប់គ្រងជើងសាគយ ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការអនុវត្តនីតិវិធីពិសេស សម្រាប់ក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ក្នុងចំណោមសំណូមពរ និងបញ្ហាទាំង៩សំណូមពរ និងបញ្ហាចំនួន៧ ត្រូវបានដោះស្រាយរួច សំណូមពរចំនួន១ ត្រូវបន្តពិនិត្យលើទិដ្ឋភាពបច្ចេកទេស និងគតិយុត្តបន្ថែមទៀតមុននឹងសម្រេច និងសំណូមពរ១ទៀត នឹងត្រូវស្នើបន្តដោះស្រាយក្នុងកម្រិតអន្តរស្ថាប័ន។

ជាមួយគ្នានេះ តំណាង JICA ក៏បានជម្រាបអង្គប្រជុំពីគម្រោងជំនួយសំខាន់ៗរបស់ខ្លួន នាពេលបច្ចុប្បន្ន ដល់រាជរដ្ឋាភិបាលកម្ពុជាចំនួន៣ គឺ ១. គម្រោងមេលើការកែលម្អប្រព័ន្ធភស្តុភាកម្ម ២. ការសិក្សាដើម្បីកាត់បន្ថយការកកស្ទះចរាចរទំនិញ និងអ្នកដំណើរនៅកំណាត់ផ្លូវជាតិលេខ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ និង ៣. ការអនុវត្តសាកល្បងប្រព័ន្ធកាមេរ៉ាតាមដានសកម្មភាពនៅតាមកំពង់ផែ និងច្រកទ្វារព្រំដែនសំខាន់ៗ។

អង្គប្រជុំបានវាយតម្លៃខ្ពស់នូវលទ្ធផលកិច្ចសន្ទនាលើកទី៣នេះ និងបានកត់សម្គាល់ថា យន្តការកិច្ចសន្ទនានេះត្រូវបានប្រើប្រាស់ជាគំរូសម្រាប់កិច្ចសន្ទនារវាង JBAC ជាមួយស្ថាប័នរដ្ឋាភិបាលផ្សេងទៀតផងដែរ។

តំណាង JICA, JBAC, JETRO និង អ.គ.រ ក៏បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម និងការកែលម្អបរិយាកាសធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕