(ក្រចេះ)៖ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកឆ្លូង អាណត្តិទី៣ ចំនួន ១៧រូប ក្នុងនោះ លោកក៏បានណែនាំឲ្យក្រុមប្រឹក្សាស្រុក ដែលទើបតែងតាំងថ្មី ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ តាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិល។

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកឆ្លូងនេះដែរ ក៏មានការចូលរួម ពីក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក ជាច្រើនរួបផងដែរ។

លោក ខ័ណ្ឌ ចំណាន បានថ្លែងថា ការបណ្ដុះបណ្ដាលគណៈអភិបាលស្រុក ឲ្យមានសមត្ថភាពថ្មីពាក់ព័ន្ធរៀបចំចាត់ចែងការងារខាងលើនេះ ត្រូវធ្វើប្រកបទៅដោយលក្ខណៈពិសេស ហើយស្រុកត្រូវរៀបចំចាត់បុគ្គលិកតាមលក្ខន្តិកៈនៅថ្នាក់ស្រុក មិនត្រូវធ្វើការឲ្យហួសពីសមត្ថភាពរបស់ខ្លួន ដែលជាអាជ្ញាធរថ្នាក់មូលដ្ឋានឡើយ។ ត្រូវកំណត់ពីតម្រូវការ មធ្យោបាយ សម្ភារនៅក្នុងស្រុក ដែលផ្អែកទៅលើតម្រូវការរចនាសម្ព័ន្ធ ដែលបានរៀបចំនោះឡើយ ដើម្បីធានាឲ្យបាននូវការរៀបចំចាត់ចែងដំណើរការ ប្រកបដោយតម្លាភាព គណនេយ្យភាព ក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវយកចិត្តទុកដាក់បំផុតផ្អែកទៅលើសមិទ្ធផល ដែលគូរបញ្ជាក់ខាងលើ ហើយត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកបានបន្ថែមទៀតថា ការងារក្រុមប្រឹក្សាស្រុក ជាអាទិភាពអាណត្តិទី៣ គឺរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ តាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិល ហេតុនេះសូមឲ្យអភិបាលស្រុក និងអភិបាលរងស្រុក ត្រូវពិគ្រោះយោបល់បែងចែកតួនាទីភារកិច្ច ក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលា ស្របតាមសេចក្តីប្រកាសរបស់ គ.ជ.ប តម្រូវមិនឲ្យលើសពី ១៤ថ្ងៃ ក្នុងការប្រកាសឲ្យចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុក។

អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ទៀតថា ចំពោះអភិបាលស្រុក ត្រូវចាត់ចែងទៅដល់នាយករដ្ឋបាលស្រុក ឲ្យមានការិយាល័យជាប្រព័ន្ធនៃសេនាធិការ ដើម្បីចាប់ផ្ដើមធ្វើកិច្ចការមួយចំនួន ដែលអនុវត្តការងារក្រុមប្រឹក្សាស្រុក ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ ហើយសមាជិកក្រុមប្រឹក្សាថ្មី ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយ មិនឱ្យលើសពី ៣០ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ ហើយទ្រព្យសម្បត្តិ និងបំណុលនេះ និងប្រកាសឡើងវិញក្នុង ២ឆ្នាំម្ដង៕