(ភ្នំពេញ)៖ គិតត្រឹមខែឧសភា ឆ្នាំ២០១៩នេះ ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ដ៏សំខាន់ របស់ប្រទេសកម្ពុជា មានសណ្ឋាគារលំដាប់ផ្កាយចំនួន៦០ ស្មើនឹង ៨,១៤៣បន្ទប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ក្នុងចំណោមសណ្ឋាគារទាំង៦០ នៅខេត្តសៀមរាបនោះ មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន២២ សណ្ឋាគារលំដាប់ផ្កាយ៤ ចំនួន២៦ សណ្ឋាគារលំដាប់ផ្កាយ៣ ចំនួន៧ និងសណ្ឋាគារលំដាប់ផ្កាយ២ ចំនួន៣ និងសណ្ឋាគារលំដាប់ផ្កាយ១ ចំនួន២។

ក្រៅពីសណ្ឋាគារលំដាប់ផ្កាយទាំងនេះ នៅខេត្តសៀមរាប ក៏សម្បូរដោយផ្ទះសំណាក់ជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរណ៍ផងដែរ។

ពាក់ព័ន្ធនឹងសណ្ឋាគារលំដាប់ផ្កាយនេះ ក្រសួងទេសចរណ៍ បានបង្ហាញថា ការវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់ផ្កាយ ដោយក្រសួងទេសចរណ៍ គឺជាការវាយតម្លៃស្តង់ដារចំណាត់ថ្នាក់ផ្កាយដោយអនុលោមតាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០០៤ ស្តីពី «ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍។

គោលការណ៍សំខាន់ៗនៃការវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់ ផ្តោតទៅលើ ទី១៖ សម្ភារៈបរិក្ខាប្រើប្រាស់ និងគុណភាព ក្នុងបន្ទប់ភ្ញៀវស្នាក់នៅ ទី២៖ សេវាកម្មបម្រើការស្នាក់នៅក្នុងសណ្ឋាគារ ទី៣៖ ការរៀបចំ និងតុបតែងលំអរនៅក្នុងបន្ទប់ភ្ញៀវស្នាក់នៅ និងទីធ្លាសាធារណៈរបស់សណ្ឋាគារជាដើម។

ចំណាត់ថ្នាក់សណ្ឋាគារ ដែលផ្តល់ដោយក្រសួងទេសចរណ៍ គឺមានសុពលភាពរយៈពេល២ឆ្នាំ (រាល់សណ្ឋាគារ ដែលមានចំណាត់ថ្នាក់ទទួលស្គាល់ផ្លូវការដោយក្រសួងទេសចរណ៍ គឺមានដាក់តាំងព្យួរនូវស្លាកសញ្ញា៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺបន្ថែមរបស់ក្រសួងទេសចរណ៍ ពាក់ព័ន្ធនឹងការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ រួមទាំងបញ្ជីឈ្មោះសណ្ឋាគារ លំដាប់ផ្កាយនៅខេត្តសៀមរាប៖