(ភ្នំពេញ​)៖​ អ្នកសារព័ត៌មាន​អាជីព​ចំនួន​៨​នាក់​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​នឹងចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​សរសេរ​ព័ត៌មាន​បរិស្ថាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២-២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ក្រុមហ៊ុន​រថយន្ត Mercedes-Benz ស្ថិតនៅតាម​បណ្តោយ​មហាវិថី ៦០​ម៉ែត្រ​។ ទី​ភ្នា​ក់​ព័ត៌មាន​បារាំង CFI សហការ​ជាមួយ​សារព័ត៌មាន Thmeythmey (​ថ្មីៗ​) បាន​សម្រិតសម្រាំង​ជ្រើសរើស​អ្នកសារព័ត៌មាន​អាជីព​ដែលមាន​ពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​ទាំង​៨​នាក់ ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នៃ​គម្រោងការ​អភិវឌ្ឍន៍​ផ្នែក​ព័ត៌មាន​តំបន់​មេគង្គ​ដោយ​ចីរភាព (Mekong: Sustainable News)​។ អ្នកសារព័ត៌មាន​ទាំង​៨​នាក់​នេះ នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​បរិស្ថាន​បែប​វិទ្យាសាស្ត្រ និង​ចំណេះដឹង​វិធីសាស្ត្រ​បង្រៀន (​គរុកោសល្យ​បង្រៀន​)​។

ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជាមួយ​គ្រូ​ជំនាញ​កម្ពុជា និង​បារាំង អ្នកសារព័ត៌មាន​អាជីព​ទាំង ៨​នាក់​នឹង​ក្លាយទៅជា​គ្រូ​បង្គោល​ផ្នែក​សរសេរ​ព័ត៌មាន​បរិស្ថាន​តំបន់​មេគង្គ​ប្រចាំ​កម្ពុជា ដើម្បី​បន្តទៅ​បណ្តុះបណ្តាល​ដល់​អ្នកសារព័ត៌មាន និង​អ្នក​បរិស្ថាន​ដែល​ផ្តោតលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (sustainable development goals: https://sustainabledevelopment.un.org/?menu=1300 ) របស់​អង្គការសហប្រជាជាតិ​។​

​អ្នក​សា​ព័ត៌មាន​អាជីព​ទាំង ៨​នាក់​នោះ រួមមាន​៖

១. លោក ខ្វៃ អាទិ​ត្យា អគ្គនាយក​នៃ​ស្ថានីយទូរទស្សន៍​អ​ប្សា​រា​។ លោក​ធ្លាប់​បម្រើ​ការងារ​ជា​អ្នកកាសែត​អាជីព​ជិត​២០​ឆ្នាំ​។

២. លោក មៃ ទិ​ត្យ​ថា​រ៉ា និពន្ធ​នាយករង នៃ​កាសែត​ខ្មែរ​ថែម​ស៍ (Khmer Time)​។ លោក​មានបទពិសោធជាង ១០​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​។ លើសពីនេះ លោក​បានទទួល​ពានរ​ង្វាន់​ឆ្នើម​ផ្នែក​ព័ត៌មាន​ស៊ើបអង្កេត​នៅលើ​ឆាក​អន្តរជាតិ​។​

៣. លោក សយ សុភា និពន្ធ​នាយក នៃ​សារព័ត៌មាន​ដើមអម្ពិល (DAP)​។ លោក​មានបទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ជាង ១០​ឆ្នាំ នៅក្នុង​ស្ថាប័ន​ព័ត៌មាន​ល្បីៗ ដូចជា វិទ្យុ​អូស្ត្រាលី​ជា​ខេមរៈភាសា CNN online, Asahi Shimbun និង​ទូរទស្សន៍ Reuters ជាដើម​។​

៤. កញ្ញា អ៊ឹម រចនា និពន្ធ​នាយករង នៃ​វិទ្យុ​បារាំង​ជា​ខេ​ម​ភាសា (RFI)​។ កញ្ញា​មានបទពិសោធការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៩​ឆ្នាំ​។​

៥. កញ្ញា ខន ចំប៉ា និពន្ធ​នាយករង នៃ​សារព័ត៌មាន​ថ្មីៗ (Thmey Thmey)​។ កញ្ញា​មានបទពិសោធការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៦​ឆ្នាំ​។​

៦. លោក វ៉ាន់ សា​រ៉ា​យ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ហ្វ្រ​ស​ញ៊ូ​វ (Fresh News)​។ លោក​មានបទពិសោធ​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៥​ឆ្នាំ​។​

៧. លោក ស៊ុន សុ​ខេន និពន្ធ​នាយក នៃ​សារព័ត៌មាន VOD​។ លោក​មានបទពិសោធន៍​ការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៥​ឆ្នាំ​។

៨. លោក រឿន ភា​រុន អតីត​ជា​អ្នកសារព័ត៌មាន និង​ជា​បុគ្គលិកនៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ លោក​មានបទពិសោធការងារ​ផ្នែក​សារព័ត៌មាន​ចំនួន ៥​ឆ្នាំ​។​

លោក Pierre Gillette សាស្ត្រាចារ្យ​សារព័ត៌​មាននៃ​វគ្គ​បណ្តុះបណ្តាល​ក្នុង​គម្រោង Mekong: Sustainable News បាន​ថ្លែងឱ្យដឹងថា វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​មាន​គោលដៅ​ពង្រឹងសមត្ថភាព​អ្នកសារព័ត៌មាន​អាជីព​របស់​កម្ពុជា​ឱ្យមាន​ជំនាញ​បង្កើត​មេរៀន​បង្រៀន​, គរុកោសល្យ​បង្រៀន​, ការដឹកនាំ​ថ្នាក់ និង​ការផលិត​ព័ត៌មាន​បរិស្ថាន​បែប​ឌីជីថល​ដែល​ផ្តោតលើ​ការលើកកម្ពស់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs) នៅ​តំបន់​មេគង្គ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​១០​ថ្ងៃ​។ គ្រូ​បង្គោល​ទាំងអស់​នឹង​ស្វែងយល់​កាន់តែច្បាស់​អំពី ព័ត៌មាន​បរិស្ថាន​ក្នុង​តំបន់​មេគង្គ រួមមាន ការរាយការណ៍​ព័ត៌មាន​បរិស្ថាន​បែប​វិទ្យាសាស្ត្រ ការបាត់បង់​គម្រប​ព្រៃឈើ បញ្ហា​សំរាម​នៅក្នុង​ទីក្រុង និង​បញ្ហា​នៅតាម​តំបន់ឆ្នេរ​ជាដើម​។​

​សូមបញ្ជាក់ថា ក្រៅពី​ប្រទេស​កម្ពុជា ទី​ភ្នា​ក់​ព័ត៌មាន​បារាំង CFI ដែល​ទទួលបាន​ការគាំទ្រ​មូលនិធិ​អនុវត្ត​គម្រោង​ពី​ក្រសួងការបរទេស និង​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង ក៏បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូចគ្នានេះ នៅក្នុង​ប្រទេស​វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​ផងដែរ​៕