(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ប៉ន ស្រស់ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសហគមន៍អណ្តូង៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ធ្លាប់ជាប់ពន្ធនាគារព្រៃស០២ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញពីពន្ធនាគារនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បុរសខាងលើបានប្រើគ្រឿងញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងដុតផ្ទះឆេះអស់មួយបន្ទប់ ព្រមទាំងគំរាមសម្លាប់ប្រពន្ធកូនបណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ក្រោយពេលធ្វើសកម្មភាពបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ និងគំរាមសម្លាប់ប្រពន្ធកូនរួចមក នៅវេលាម៉ោងប្រមាណ១២៖៣០នាទីថ្ងៃត្រង់ បុរសបែកថ្នាំខាងលើ បានរត់ឡើងលើដំបូលផ្ទះ ស្រាតខោដោះអាវ អង្គុយយកដែកស្រួចចាក់ខ្នងខ្លួនឯង បណ្តាលឲ្យចេញឈាមរបួសពេញខ្នង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ។

ក្នុងប្រតិបត្តិនោះ កម្លាំងអាវុធហត្ថ បានឡើងលើដំបូលប្រឈមជាមួយបុរសបែកថ្នាំ ដែលមានកាន់ដែកទីបជ្រុងវែង តបតសមត្ថកិច្ច និងលោតពីលើដំបូលផ្ទះ បណ្តាលឲ្យមានរបួស ត្រូវអាវុធហត្ថរាជធានីជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ៕