(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល មិនឲ្យលើសពី ៣០ថ្ងៃ។

តាមសេចក្តីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ មានកិត្តិយសសូមគោរពជម្រាបជូនដល់ លោក លោកស្រី អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖

*ទី១៖ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលធ្លាប់បានប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយបានជាប់ឆ្នោតបន្តតំណែងក្នុងក្រុមប្រឹក្សា មិនមានការចាំបាច់ត្រូវប្រកាស ទ្រព្យសម្បត្តិ និងបំណុល យ៉ាងយូរ ៣០ថ្ងៃ ក្រោយចូលកាន់តំណែងជាថ្មីម្តងទៀតនោះទេ ហើយរង់ចាំអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ (អ្នកប្រកាសក្នុងឆ្នាំ២០១៨ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅខែមករា ឆ្នាំ២០២០ ហើយអ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០១៩ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមករា ឆ្នាំ២០២១)។

*ទី២៖ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទទួលបានតំណែងថ្មីលើកដំបូង ឬឈប់ ជាស្ថាពរពីសមាជិកក្រុមប្រឹក្សា ហើយមិនមានជាប់មុខងារផ្សេងទៀត ដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ
និងបំណុលនោះទេ ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល យ៉ាងយូរបំផុត ៣០ថ្ងៃ ក្រោយការចូលកាន់តំណែង ឬក្រោយពីឈប់ពីមុខតំណែងនេះ។

ACU សង្ឃឹមថា លោក លោកស្រី បំពេញកាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឲ្យបានទាន់ពេលវេលាតាមការកំណត់របស់ច្បាប់ ដោយអញ្ជើញមកផ្ទាល់ ឬធ្វើតាមក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយប្រចាំ រាជធានី ខេត្ត ឬក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលស៊ីវិល ឬផ្ញើតាមបុគ្គលណាម្នាក់ ដែលខ្លួនទុកចិត្ត ឬផ្ញើតាមរយៈប្រអប់ប្រៃសណីយ៍ PO BOX: 3284 (ដោយបញ្ជាក់លើស្រោមសំបុត្រថា បញ្ជូនមកអង្គភាពប្រឆាំង អំពើពុករលួយ អាគារលេខ ៥៤ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ដោយមិនចាំបាច់បិទតែមប្រៃសណីយ៍៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ៖