(ភ្នំពេញ)៖ ស្រ្ដីដ៏ឆ្នើមលើវិស័យអាជីវកម្ម ៩រូប នឹងទៅទទួលពាន់រង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំតំបន់អាស៊ានឆ្នាំ២០១៩ នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ។ នេះបើតាមការឲ្យដឹងពីលោកស្រី ស្រ៊ាត មុំសុភា អនុប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា និងជាតំណាងឲ្យបណ្ដាញ សហគ្រិនស្រ្ដីប្រចាំតំបន់អាស៊ាន (AWEN)។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោកស្រី ស្រ៊ាត មុំសុភា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ ជាឆ្នាំទី៦ នៃការជ្រើសរើសសហគ្រិនស្រ្ដីឆ្នើម ប្រចាំតំបន់អាស៊ាននេះដែលមកពីក្រុមហ៊ុន និងវិស័យផ្សេងៗ ដោយក្នុងនោះមានតំណាងសហគ្រិនស្រ្ដីប្រចាំកម្ពុជាចំនួន៩រូប នឹងទទួលពានរង្វាន់សហគ្រិនស្រ្ដីឆ្នើមប្រចាំតំបន់អាស៊ាន។

លោកស្រីបន្ដថា ដើម្បីក្លាយខ្លួនជាស្រ្ដីឆ្នើមលើវិស័យអាជីវកម្ម លុះត្រាតែសហគ្រិនស្រ្ដីទាំងអស់ មានលក្ខខណ្ឌជាច្រើនរួមមាន៖ អាយុលើសពី៣០ឆ្នាំ, អាជីវកម្មត្រូវមានអាយុកាល៥ឆ្នាំឡើងទៅ និងមានការចុះបញ្ចីត្រឹមត្រូវ, សហគ្រិនស្រ្ដីនោះត្រូវតែជា សហគ្រិនដែលជាម្ចាស់អាជីវកម្ម ឬម្ចាស់ភាគហ៊ុនអាជីវកម្ម, មានបុគ្គលិកធ្វើការងារក្នុងក្រុមហ៊ុនខ្លួនជាស្រ្ដីលើសពី៥០%, ហើយជាសហគ្រិនស្រ្ដីដែលមានការចែករំលែក។

លោកស្រីបន្ថែមថា ជាក់ស្ដែងសម្រាប់ការទៅទទួលពានរង្វាន់នេះ សហគ្រិនស្រ្ដីឆ្នើមទាំងអស់ នឹងចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ។

លោកស្រី សុត ស៊ីថុន អគ្គនាយករងអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានឲ្យដឹងថា ដើម្បីលើកកម្ពស់ដល់ស្រ្ដីក្នុងវិស័យអាជីវកម្ម ក្រសួងកិច្ចការនារីបានខិតខំប្រឹងប្រែងណាស់ ដើម្បីឲ្យវិស័យស្រីលើមុខជំនួយនេះ កានតែរីកចម្រើន។

លោកស្រីបន្ថែមថា ក្រសួងចង់ឲ្យសហគ្រិនស្រ្ដីមានទំហំកាន់តែធំឡើងៗព្រោះ ពេលដែលមានទំហំកាន់តែធំ នឹងជួយដល់ស្រ្ដីនៅកម្ពុជាកាន់តែច្រើនផងដែរ៕