(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាឧទ្ធរណ៍ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលសាលាឧទ្ធរណ៍ ដោយត្រូវតែងតាំងលោក ទូច ថារិទ្ធិ ជំនួសលោក ប៉ុន សាវ៉ាត់ ដែលត្រូវចូលនិវត្តន៍។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នរួមទាំងមន្ត្រីអង្គភាពនានា ជុំវិញសាលាឧទ្ធរណ៍ផងដែរ។

នៅក្នុងពិធីនេះលោក ទូច ថារិទ្ធិ ជាអគ្គលេខាធិការថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តការងារឲ្យបានសមស្របទៅតាមច្បាប់ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំ គោលនយោបាយ និងខិតខំបទដ្ឋានគតិយុត្តិនានា ដែលកំពុងមានជាធរមានឲ្យបានល្អប្រសើរ និងខិតខំអនុវត្តតាមការដឹកនាំរបស់លោករដ្ឋមន្រ្តី ប្រធាន អគ្គព្រះរាជអាជ្ញា ជាពិសេសខិតខំអនុវត្តដោយយកចិត្តទុកដាក់តាមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ប្រធាន និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។

លោកនឹងខិតខំយកអស់ពីកម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីអនុវត្តការងារប្រកបដោយឆន្ទៈម្នាស់ការភក្តីភាព មនសិការវិជ្ជាជីវៈក្នុងការបំពេញ ការងារជូនសាលាឧទ្ធរណ៍ ប្តេជ្ញាចូលរួមសាមគ្គីភាព សហការជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារជូនសាលាឧទ្ធរណ៍ឲ្យបានល្អ។

លោករដ្ឋមន្រ្តីយុត្តិធម៌ បានថ្លែងអបអរចំពោះលោក ទូច ថារិទ្ធិ ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងមុខតំណែងជាអគ្គលេខាធិការ ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តភារកិច្ចជំនួសលោក ប៉ុន សាវ៉ាត់ ដែលត្រូវចូលនិវត្តន៍។

ក្នុងឱកាសនោះដែររដ្ឋមន្រ្តី បានធ្វើការណែនាំដល់លោក ទូច ថារិទ្ធិ ត្រូវអនុវត្តការងារឲ្យបានសមស្របតាមច្បាប់ និងខិតខំបទដ្ឋានគតិយុត្តិនានាដែលកំពុងមានជាធរមានឲ្យបានល្អប្រសើរ ជាពិសេសត្រូវខិតខំពង្រឹងការអនុវត្ត ការងារឲ្យបានសមស្របតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦១៩/៧២៤ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ របស់ព្រះមហាក្សត្រ។

លោករដ្ឋមន្រ្តី បានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាឧទ្ធរណ៍ ក៏ដូចជា ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ និងអគ្គព្រះរាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញាព្រម ទាំងមន្រ្តី ទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ ត្រូវមានសាមគ្គីភាព ទំនាក់ទំនងល្អ និងការអនុវត្តកិច្ចការដោយឈរលើគោលការច្បាប់ ព្រមទាំងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងមនសិការវិជ្ជាវៈ ក្នុងការអនុវត្តការងារ និងគិតគូផលប្រយោជន៍រួមជាធំ ទើបយើងទទួលបានប្រសិទ្ធភាពការងារខ្ពស់ និងការទទួលបានការគោរពគាំទ្រពីសំណាក់មហាជន។

លោករដ្ឋមន្រ្តី បានស្នើដល់លោក ទូច ថារិទ្ធិ បន្តខិតខំប្រឹងប្រែងពង្រឹងកិច្ចការរដ្ឋបាលសាលាឧទ្ធរណ៍ កិច្ចការរដ្ឋបាលនានា និងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕