(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី «ការថែទាំជនវិបល្លាសស្មារតី» រយៈពេល៣ថ្ងៃ ដើម្បីពង្រឹងចំណេះដឹង ដល់មន្ត្រីក្រសួង-មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ កណ្តាល និងមន្ត្រីមជ្ឈមណ្ឌលផដែរ។ សិក្ខាសាលាមួយនេះ រៀបចំឡើងដោយ នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស នៅមជ្ឈមណ្ឌលថែទំា និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

សិក្ខាសាលានេះ មានការចូលរួមពីលោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅមជ្ឈមណ្ឌលថែទំា និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមន្រ្តីក្រសួងមន្ទីរជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក សុខ ប៊ុនថា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់លើ សុខភាពផ្លូវចិត្ត ជំងឺផ្លូវចិត្ត អន្តរទំនាក់ទំនង សុខភាពផ្លូវចិត្ត និងអាចកំណត់សម្គាល់រោគសញ្ញានៃជំងឺផ្លូវចិត្ត, ចំណាត់ថ្នាក់នៃជំងឺផ្លូវចិត្ត ខួរក្បាល និងកត្តាបង្កនៃជំងឺផ្លូវចិត្ត, ប្រភេទនៃការព្យាបាល និងការយល់ខុសពីផ្លូវចិត្ត, ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជំងឺគិតនឹងធ្វើដដែល ជំងឺចិត្តវិកលរ៉ាំរ៉ៃ ជំងឺបាក់ស្បាតនិងការធ្វើអត្តឃាត (មូលហេតុ សញ្ញា រោគសញ្ញា និងការឆ្លើយតប)។

លោក សុខ ប៊ុនថា បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីធ្វើការឆ្លើយតបទៅមុខសញ្ញា ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើសុំឲ្យសិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែងត្រង់ត្រាប់ ទទួលយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាល ស្តីពីការស្វែងយល់ពីសុខភាព ផ្លូវ ចិត្ត និងរបៀបឆ្លើយតប ពីគ្រូឧទ្ទេស ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តនៅកន្លែងរៀង ៗ ខ្លួនប្រកបដោយប្រសិទ្ធភាព៕