(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់។

លោក យន្ត មីន បានផ្ញើសារយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីបងប្អូនគ្រប់គ្នា យើងខ្ញុំខំប្រឹងប្រែងណាស់ដែរ តែការអភិវឌ្ឈដំបូងៗ វាតែងតែប្រឈមខ្លះហើយ។ ការសាងសង់ត្រូវដឹកខូចផ្លូវ ការសាងសង់ត្រូវកាយចាក់បំពេញ អ្នកលោភលន់ចាក់លុបអូរ សមត្ថកិច្ចបង្ខំកាយចេញ សមត្ថកិច្ច២០នាក់ ប៉ុន្តែអ្នករំលោភ ២០០នាក់។ល»

លោកបន្តថា «សុំចូលរួមការពារ និងអភិវឌ្ឈស្រុកយើងទាំងអស់គ្នា ឃើញចាក់រំលោភអូរជួយប្តឹងរាយការណ៍ តវ៉ាកុំគប់គិត វាលំបាកទាំងអស់គ្នា។ អ៉ីចឹងសុំទោសដែលបម្រើបងប្អូនមិនទាន់បានល្អ»

ការផ្ញើសារសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ របស់អភិបាលខេត្តព្រះសីហនុបែបនេះ បានធ្វើឡើងក្រោយពេល មានមតិរិះគន់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើន។

ប្រជាពលរដ្ឋមួយចំនួន បានរិះគន់ថា បច្ចុប្បន្នភាព នៃផ្លូវធ្វើដំណើរក្នុងក្រុងព្រះសីហនុរាល់ថ្ងៃនេះ ពិបាកក្នុងការធ្វើដំណើរ, សណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ, បរិស្ថានអនាម័យ, កាកសំណល់សំរាម ត្រូវគេគរទុកចោលតាមចិញ្ចើមផ្លូវសាធារណៈមានក្លិនស្អុយ និងបញ្ហាកកស្ទះចរាចរណ៍ កំពុងកើតមាននាមូលដ្ឋានក្រុងព្រះសីហនុ ប៉ុន្តែអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មិនទាន់មានដំណោះស្រាយឱ្យបានប្រសើរនៅឡើយ៕