(ស្វាយរៀង)៖ មន្ត្រីពេទ្យសត្វខេត្តស្វាយរៀង បានចុះល្បាតនាពេលយប់ ក៏ប្រទះឃើញម៉ូតូរឺម៉ក់ដឹកសត្វជ្រូក៩ក្បាល នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩ ដែលលួចនាំចូលពី ប្រទេសវៀតណាម ឆ្លងតាមច្រករបៀង ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មន្ត្រីពេទ្យសត្វបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះថា តាមសារាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ស្តីពី វិធានការបន្ទាន់ក្នុងការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក និងដោយមានការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមមន្រ្តីបានបើកប្រតិបត្តិការជាបន្តបន្ទាប់លើការងារនេះ។

មន្ត្រីពេទ្យសត្វបានបញ្ជាក់ទៀតថា មន្ត្រីជំនាញបានស្ទាក់ឃាត់ និងចាប់រឺម៉ក់ ១គ្រឿងដឹកសត្វជ្រូកចំនួន ០៩ក្បាល នៅចំណុចទីសត្តឃាតដ្ឋាន ជីភូ ភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលលួចនាំចូលពីប្រទេសវៀតណាម ឆ្លងតាមច្រករបៀង នៃភូមិសាស្ត្រនៃស្រុកស្វាយទាប។

មន្ត្រីពេទ្យសត្វបានបន្តថា ក្រុមការងារបានដឹកនាំបទល្មើស និងវត្ថុតាងទាំងនោះយកទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ទាក់ទិននឹងករណីលួចនាំជ្រូកចូលនេះ លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានមន្ត្រីដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឱ្យទប់ស្កាត់ឲ្យខាងតែបាន ហើយបើក្នុងការបង្ក្រាប ការនាំចូលសត្វជ្រូករស់ក៏ដូចជាសាច់ជ្រូក ឃើញថា ច្រកណាមួយហ៊ានអនុញ្ញាតឱ្យសត្វជ្រូកចូល ត្រូវតែសម្រេចចិត្តដកចោល ( វះកាត់) ព្រោះនេះគឺជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

ក្រសួងកសិកម្ម កាលពីពេលកន្លងទៅបានចេញបំរាម ហាមនាំចូលជ្រូកពីវៀតណាម ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំរុញឲ្យមានការចិញ្ចឹមនៅក្នុងស្រុក៕