(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ បានដឹកនាំមន្ត្រីស្ថាប័នជំនាញចុះពិនិត្យទីតាំងរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្ម «ស៊ីម៉ាវ» មានទីតាំងនៅក្រុមទី៤ ភូមិ២ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ៤២គ្រួសារ មានផ្ទះរស់នៅជុំវិញរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្ម «ស៊ីម៉ាវ» ខាងលើនេះ រអ៊ូរទាំ និងព្រួយបារម្ភពីបញ្ហាសុខភាព ដែលបង្កឡើងដោយធូលីផេះភាយចេញចេញពីរោងចក្រ។

លោក យន្ត មីន បានឱ្យដឹងថា រោងចក្រខាងលើមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក៏ប៉ុន្តែបច្ចុប្បន្នមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញរោងចក្រនោះ និងបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋរស់នៅជុំវិញ។

ទោះជាយ៉ាងនេះក្តី លោក យន្ត មីន អះអាងថា បើតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារជំនាញពិនិត្យឃើញថា រោងចក្រមិនបង្កផលប៉ះពាល់អាក្រក់ពេកទេដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្តពន្យល់ថា ផេះដែលយកចេញមកពីរោងចក្រអគ្គិសនីធ្យូងថ្ម គឺយកចេញដើម្បីកែច្នៃជាប្រយោជន៍សម្រាប់យកទៅផ្គត់ផ្គង់ឱ្យរោងចក្រក្រឡុកបេតុង ឬក្រឡុកស៊ីម៉ង់ត៍។

លោក យន្ត មីន បានពន្យល់ថា ជាដំណោះស្រាយក្រុមការងារ បានឯកភាពឱ្យរោងចក្រខាងលើនេះ កែលម្អលក្ខណ:បច្ចេកទេស ធ្វើយ៉ាងណាកុំឱ្យមានផេះហុយមកលើផ្ទះបងប្អូនប្រជាពលរដ្ឋជាបន្តទៀត និងកាត់បន្ថយផលប៉ះពាល់ និងការពារបរិស្ថានឱ្យបានល្អ។

«ការងារនេះ រដ្ឋបាលខេត្តព្រះសីហនុ បានទុករយ:ពេល ២ ឬ ៣ខែ បន្តទៀត ដើម្បីឱ្យរោងចក្របំលែងធ្យូងនេះ ធ្វើការកែលម្អរោងចក្ររបស់ខ្លួន។ តែប្រសិនបើរោងចក្រមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ នៃរដ្ឋបាលខេត្តព្រះសីហនុទេ នឹងត្រូវបញ្ឈប់ដំណើរការ ឬក្រុមហ៊ុនរកទីតាំងថ្មី ដែលនៅឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋកំពុងរស់នៅ»។ នេះជាការព្រមានរបស់អភិបាលខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបន្តថា «បើសិនជាម្ចាស់រោងចក្របំលែងធ្យូងថ្មបេះ គាត់ធ្វើការកែលម្អរោងចកហរមានបរិស្ថានបានល្អ រដ្ឋបាលខេត្ត នឹងឱ្យគាត់បន្តអាជីវកម្មជាបន្តទៀត។ ព្រោះដំណោះស្រាយ គឺយើងធ្វើដើម្បីឈ្នះឈ្នះទាំងអស់គ្នា។ មានន័យថា អ្នកវិនិយោគក៏ទទួលបានផលប្រយោជន៍ ប្រជាពលរដ្ឋក៏ទទួលបានការងារពីការធ្វើវិនិយោគ។ ព្រោះថា ក្រុមហ៊ុនក៏បានបង់ពន្ធចូលថវិការដ្ឋ ហើយប្រជាពលរដ្ឋ ក៏មានការងារធ្វើទទួលបានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែរ»

យ៉ាងណាក៏ដោយចុះ លោក យន្ត មីន បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ បើមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ត្រូវចេះយោគយល់ ព្រោះប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ពីការវិនិយោគ និងទទួលបានការងារផងដែរ។

ចំណែក លោក Chen Song អ្នកគ្រប់គ្រងរោងចក្រកែច្នៃកាកសំណល់ធ្យូងថ្ម បានឲ្យដឹងដែរថា បច្ចុប្បន្នរោងចក្ររបស់លោក ធ្វើការសម្ងួតកាកសំណល់ពីរោងចក្រធ្យូងថ្ម ដើម្បីយកទៅផ្គត់ផ្គង់ដល់រោងចក្រក្រឡុកស៊ីម៉ង់ត៍ ដោយក្នុងមួយថ្ងៃៗមានចំនួន ១០០តោន។ លោកក៏បានសន្យាថា និងកែលម្អបរិស្ថាននៅក្នុងរោងចក្រកុំឱ្យមានធូលីហុយចេញមកក្រៅរោងចក្របន្តទៀតទេនាថ្ងៃខាងមុខ ដើម្បីកុំឱ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ជាងនេះទៀត លោក Chen Song ក៏បាន ហើយសន្យាដា នឹងធានាកាត់បន្ថយ មិនឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ ដែលមានផ្ទះរស់នៅជុំវិញតំបន់រោងចក្ររបស់លោកទៀតទេនាថ្ងៃអនាគត៕