(ភ្នំពេញ)៖ ក្រុមអតីតសិក្ខាកាមវគ្គបំប៉នឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១៧ ក្រសួងការពារជាតិ ជាង១០០នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានរួបរួមគ្នាប្រារព្ធពិធីជួបជុំ ពិសាបាយសាមគ្គី និងសម្តែងការដឹងគុណចំពោះ អតីតគ្រូយោធាចារ្យ ដែលបានខិតខំបង្ហាញបង្រៀននូវចំណេះដឹងលើវិស័យការពារជាតិ ដល់សិក្ខាកាមជាយោធាកន្លងមក។

អ្វីដែលពិសេសបំផុត គឺមិត្តរួមជំនាន់ម្នាក់ៗ បានសម្តែងការនឹករលឹក និងដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះព្រឹទ្ធាយោធាចារ្យ ដែលជាអតីតគ្រូធ្លាប់អប់រំទូន្មានបង្រៀនពួកគេ ដោយទឹកចិត្ត ស្មោះស ពួកគេចាត់ថា លោកគ្រូយោធាចារ្យ អ្នកគ្រូយោធាចារ្យទាំងអស់ គឺជាឪពុកម្តាយទី២ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ស្ទើរមួយជីវិត បំពេញនូវកាតព្វកិច្ច ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នោះគឺការផ្តល់នូវចំណេះវិជ្ជា ជូនដល់កូនសិស្សគ្រប់គ្នា។

សកម្មភាពប្រមូលផ្តុំរួមសាមគ្គីគ្នា របស់អតីតសិក្ខាកាមវគ្គបំប៉នឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១៧ មួយក្រុមនេះ ពុំមែនកើតឡើងដោយងាយស្រួលទេ គឺកើតចេញពីគំនិតផ្តួចផ្តើម របស់លោកឧត្តមសេនីយ៍ទោ ហ៊ីង សុខមុន្នី នាយករងអធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន និងជាប្រធានវគ្គបំប៉នឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១៧ ដែលបានប្រមែប្រមូល មិត្តរួមជំនាន់ជាមួយគ្នា ព្រមទាំងលោកគ្រូយោធាចារ្យ អ្នកគ្រូយោធាចារ្យដែលធ្លាប់បង្រៀន កាលរៀននៅឆ្នាំ២០១៤ មកចងក្រងជាក្រុមមួយ តាមបណ្តាញទំនាក់ទំនង Telegram និង Facebook ក្នុងគោលបំណង បានជុំគ្នាឡើងវិញរំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក និងអាចជួយទុក្ខធុរៈគ្នា នៅពេលដែលមិត្តឬគ្រូណាម្នាក់ មានអាសន្នអន់ក្រ ឬជួបទុក្ខលំបាកផងដែរ។

ការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ទោ ហ៊ីង សុខមុន្នី ព្រមជាមួយការចង្អុលបង្ហាញណែនាំពីមិត្តភក្តិ តៗគ្នា បានធ្វើឱ្យក្រុមអតីតសិក្ខាកាម វគ្គបំប៉នឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១៧ មួយក្រុមនេះ បានធ្វើការទំនាក់ទំនងគ្នា យ៉ាងជិតស្និត រហូតបានមកជួបជុំគ្នាជាង១០០នាក់ និងបានរួមគ្នា បង្កើតព្រឹត្តិការណ៍សមូហភាពជាច្រើន។

ការជួបជុំប្រកបដោយភាពស្និតស្នាល ព្រមជាមួយការឈឺឆ្អាលជួយគ្នាទៅវិញទៅមក របស់មិត្តរួមជំនាន់វគ្គបំប៉នឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១៧ មួយក្រុមនេះ បានធ្វើឱ្យពួកគេ បង្កើតការសាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ហើយពួកគេថែមទាំង បានប្តេជ្ញាគ្នាថា នឹងរៀបចំឱ្យមានពិធីជួយជុំពិសាបាយសាមគ្គី និងសម្តែងការដឹងគុណអតីតលោកគ្រូយោធាចារ្យ អ្នកគ្រូយោធាចារ្យនេះ នៅថ្ងៃទី១៧ ខែមិថុនា ជារៀងរាល់ឆ្នាំផងដែរ៕