(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្ដី ជ័យមង្គល ប្រសើរថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មាយុគ្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្ដេចព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕