(ភ្នំពេញ)៖ កម្ពុជាមានការតាំងពិព័រណ៍ និងសិក្ខាសាលាអន្តរជាតិស្តីពីកសិកម្ម បសុសត្វ និងជលផល លើកទី៤ ដែលបាននិងកំពុងធ្វើឡើង រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ ដែលមានក្រុមហ៊ុនជាង ៣០០ក្រុមហ៊ុន មកពីប្រទេសផ្សេងៗគ្នា តំណាងឱ្យផលិតផលថ្មីៗ ការច្នៃប្រឌិត និងឧបករណ៍ថ្មីៗ នៃឧស្សាហកម្មកសិកម្មបសុសត្វ ជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

ក្នុងឱកាសអញ្ជើញបើកសម្ពោធពិធី ព្រឹកមិញនេះ, លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា វិស័យឯកជន ដែលមានជាង ៣០០ក្រុមហ៊ុន កំពុងតាំងបង្ហាញផលិតផលកសិកម្មនេះ គឺជាការបើកចំហររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា។

លោក ចាន់ ចេស្តា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាការបើកចំហររបស់រាជរដ្ឋាភិបាល ក៏ដូចជាការទាក់ទាញវិនិយោគិនឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។ ជាការពិត ដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ក្នុងការលៈទេសៈដែលប្រទេសកម្ពុជា កំពុងតែយកវិស័យកសិកម្ម ជាស្នូលនៃសេដ្ឋកិច្ច ហើយខិតខំជំរុញឲ្យវិស័យឧស្សាហកម្ម ជំនួសវិស័យកសិកម្ម គឺឯកជន»

លោកបន្តថា «ដូច្នេះហើយយើងមិនអាចខានបានទេ លើវិស័យឯកជន យើងបើកចំហរ និងគាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ដែលកន្លងមកនេះ រាជរដ្ឋាភិបាលបានកាត់បន្ថយ នូវការិយាធិបតេយ្យ មានន័យថា កាត់បន្ថយភាពស្មុគស្មាញក្នុងការបំពេញបែបបទ ដើម្បីវិនយោគនៅកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុង កាត់បន្ថយការដឹកជញ្ជូន ថ្លៃអគ្គិសនី ដើម្បីឲ្យវិនិយោគិនឯកជន មានលទ្ធភាពអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជារបស់យើង»

សន្និបាត និងសន្និសីទអន្តរជាតិលើកទី៤ស្តីពីកសិកម្ម បសុសត្វ និងជលផលនៅកម្ពុជា ឬហៅជាភាសាអង់គ្លេសថា Agri-Livestock Aqua Fisheries-AgroChemEx Cambodia 2019 ជាការប្រមូលផ្តុំនៃព្រឹត្តិការណ៍សំខាន់ៗចំនួន៤គឺ៖ សន្និសីទនិងសន្និសីទអន្តរជាតិ ស្តីពីកសិកម្មនៅកម្ពុជា (Agri Cambodia 2019 ); សន្និបាតនិងសន្និសីទអន្តរជាតិ ស្តីពីបសុសត្វ ទឹកដោះគោកែច្នៃសាច់ និងជលផលនៅកម្ពុជា (Livestock Camcodia 2019)។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថា ពិធីដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃនេះ នឹងធ្វើឲ្យអ្នកមកតាំងពិព័រណ៍ និងអ្នកមកចូលរួមទស្សនា អាចបង្កើនទំនាក់ទំនងធុរកិច្ចបន្ថែមទៀត។

លោក ចាន់ ចេស្តា បន្តថា «ខ្ញុំសង្ឃឹមថា ពិធីបើកសម្ពោធពិព័រណ៍ និងសិក្ខាសាលាអន្តរជាតិស្តីពីកសិកម្ម បសុសត្វ និង ជលផល លើកទី៤នេះ នឹងផ្តល់ឱកាសដ៏ល្អដល់អ្នកចូលរួមទាំងអស់ ដើម្បីពិនិត្យ និងទទួលបានចំណេះដឹងអំពី បច្ចេកវិទ្យាទំនើបចុងក្រោយ ក៏ដូចជាធាតុចូលកសិកម្មថ្មីៗ ច្រើនប្រភេទ មានការចូលរួមពីក្រុមហ៊ុនធំៗជាតិ និងអន្តរជាតិ ដែលដាក់តាំងផលិតផលល្បីៗ ដូចជាចំណីសត្វ បសុឱសថ និងគ្រឿងចក្រកសិកម្ម ថ្នាំសម្លាប់សត្វល្អិត ជីកសិកម្ម ការការពារឧស្សាហកម្ម និងដំណាំគីមីជាដើម ដើម្បីធ្វើទំនើបកម្ម វិស័យកសិកម្មនៅកម្ពុជា។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍សំខាន់នេះ អ្នកមកតាំងពិព័រណ៍ និងអ្នកមកចូលរួមទស្សនា អាចបង្កើនទំនាក់ទំនងធុរកិច្ចបន្ថែមទៀត»

យោងតាមរបាយការណ៍មួយ ដែលត្រូវបានបង្ហាញក្នុងកម្មវិធីសម្ពោធនេះ បានឲ្យដឹងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍនៅអាស៉ីអាគ្នេយ៍ ដែលមានអត្រាកំណើន GDP ប្រចាំឆ្នាំជាង៧% ឧស្សាហកម្មកសិកម្មកម្ពុជា បានបង្ហាញថាមានសក្តានុពលយ៉ាងខ្លាំង។ ផលិតកម្មដំណាំរួមចំណែកប្រហែល ៥៤% នៃផលិតផលក្នុងស្រុកសរុប ដោយមានសត្វចិញ្ចឹមចំនួន ១៥%។ ទោះបីជាអង្ករមានតែ៨% ប៉ុណ្ណោះក៏ដោយ ក៏ការផលិតស្រូវបានកើនឡើងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យប្រទេសកម្ពុជា មិនត្រឹមតែធ្វើស្រែផ្គត់ផ្គង់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាអ្នកនាំចេញអង្ករដ៏ធំមួយសំខាន់ផងដែរ។ ដំណាំម្ហូបអាហារសំខាន់ៗដទៃទៀតរួមមាន ពោត សណ្តែកសៀងសណ្តែកដី ដំឡូងមី និងផ្លែឈើដូចជា ស្វាយ ម្នាស់ ខ្នុរ ធូរេន សាវម៉ាវ និង ចេក ជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តម្រូវការសាច់ និងជលផលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ដែលបានជំរុញឱ្យមានការកើនឡើង ក្នុងការកែច្នៃ និងផលិតចំណីសត្វលើគោគ និងចំណីសត្វក្នុងទឹក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប៉ាន់ប្រមាណថា តម្រូវការសាច់សត្វប្រហែលជាង ៣០០.០០០តោន និងកើនឡើងនៅឆ្នាំ២០២០ នៅពេលដែលចំនួនប្រជាជនកម្ពុជា ត្រូវបានគេប៉ាន់ស្មានថា និងកើនឡើង ប្រហែល១.៥% ជារៀងរាល់ឆ្នាំ។

ដោយការមើលឃើញ នៃការអភិវឌ្ឍន៍ទីផ្សារកម្ពុជា ក្រុមហ៊ុនពិព័រណ៍ និងផ្សាយពាណិជ្ជកម្ម MINH VI (VEAS) បានរៀបចំពិព័រណ៍ និងសិក្ខាសាលាអន្តរជាតិស្តីពីវិស័យកសិកម្ម សត្វចិញ្ចឹម និងជលផលនៅកម្ពុជា ក្រោមការគាំទ្រពេញទំហឹងពី ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ សន្និបាត និងសន្និសីទអន្តរជាតិ ស្តីពីជលផលនៅកម្ពុជា (Aqua Fisheries Cambodia 2019) និងសន្និបាត និងសន្និសីទអន្តរជាតិ ស្តីពី ជី និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា (AgroChemEx Cambodia 2019) ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំអ្នកតាំងពិព័រណ៍ និងភ្ញៀវទស្សនារាប់ពាន់នាក់ ឈ្មួញ និងសហគ្រាសក្នុងស្រុក និងអន្តរជាតិដែលចាប់អារម្មណ៍ លើឧស្សាហកម្មទាំងនេះ ដើម្បីជួបជុំគ្នាទំនាក់ទំនង និងធ្វើអាជីវកម្ម។

ព្រឹត្តិការណ៍នេះក៏រំពឹងផងដែរថា នឹងស្វាគមន៍ភ្ញៀវទស្សនាជាង ២.៥០០នាក់ ដែលជាអ្នកចិញ្ចឹមជ្រូក និងបសុបក្សី ម្ចាស់ចំការ កសិដ្ឋាន ជីសិរីរាង្គ ថ្នាំសម្លាប់សត្វល្អិត អ្នកផលិតចំណីសត្វ ពេទ្យសត្វ អ្នកកែច្នៃ អ្នកចែកចាយ អ្នកផ្គត់ផ្គង់ឧស្សាហកម្មជាដើម។ អ្នកទស្សនាទាំងអស់ ត្រូវបានស្វាគមន៍ដោយរីករាយ មិនចំណាយថវិកាចូលរួមជាមួយពិព័រណ៍ និងសិក្ខាសាលាអន្តរជាតិ ស្តីពីកសិកម្មបសុសត្វ និងជលផលកម្ពុជា២០១៩ ដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រនេះឡើយ៕