(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ ចំនួន២១រូប ព្រមទាំងបានក្រើនរំលឹកឱ្យក្រុមប្រឹក្សា និងអាជ្ញាធរខេត្តក្រចេះ ត្រូវបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះនេះ បានរៀបចំឡើងនៅសាលមហោស្របខេត្តក្រចេះ ដោយមានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ, ប្រធានក្រុមប្រឹក្សាខេត្ត អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោក ពេជ្រ ប៊ុនធិន បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលគណៈអភិបាលថ្នាក់ក្រោមជាតិឲ្យមានសមត្ថភាពថ្មី ពាក់ព័ន្ធនឹងរៀបចំចាត់ចែងការងារខាងលើនេះ ត្រូវធ្វើប្រកបទៅដោយលក្ខណៈពិសេស ហើយថ្នាក់ ក្រុង ស្រុក ត្រូវរៀបចំចាត់បុគ្គលិកតាមលក្ខន្តិកៈនៅថ្នាក់ក្រោមជាតិ ហើយមិនត្រូវធ្វើការឲ្យហួសពីសមត្ថភាពរបស់ខ្លួន ដែលជាអាជ្ញាធរថ្នាក់ក្រោមជាតិនោះទេ ត្រូវកំណត់ពីតម្រូវការ មធ្យោបាយ សម្ភារៈនៅក្នុង ក្រុង ស្រុក ដែលផ្អែកទៅលើតម្រូវការរចនាសម្ព័ន្ធ ដែលបានរៀបចំ ត្រូវសិក្សាពីទំនាក់ទំនងឡើងវិញ នូវការគាំទ្រពីក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាឲ្យបាននូវការរៀបចំចាត់ចែង ដំណើរការប្រកបដោយតម្លាភាព គណនេយ្យភាព។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្ថែមថា ក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយកិច្ចការក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់ ដោយមានកិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីសេចក្តីប្រកាសកាសមុខតំណែងនេះរួមមាន៖ មាត្រា ៤១០៦ ប្រ.ប.ក ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដើម្បីអធិបតីភាពនៅក្នុងការចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង ស្រុក ដែលស្ថិតនៅក្នុងការងាររដ្ឋបាលរបស់ខ្លួន។

លោករដ្ឋមន្រ្តីបន្តថា ការងារក្រុមប្រឹក្សាខេត្ត ជាអាទិភាពអាណត្តិទី៣ គឺរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ តាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិល។ ហេតុនេះសូមឲ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ត្រូវពិគ្រោះយោបល់បែងចែកតួនាទីភារកិច្ច ក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលាស្របតាមសេចក្តីប្រកាសរបស់ គ.ជ.ប. តម្រូវមិនឲ្យលើសពី ១៤ថ្ងៃ ក្នុងការប្រកាសឲ្យកាន់ចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុក ខេត្ត។

លោក ពេជ្រ ប៊ុនធិន បានបញ្ជាក់ទៀតថា ចំពោះអភិបាលខេត្ត ត្រូវចាត់ចែងទៅដល់នាយករដ្ឋបាលខេត្ត ឲ្យមានការិយាល័យជាប្រព័ន្ធ នៃសេនាធិការ ដើម្បីចាប់ផ្ដើមធ្វើកិច្ចការមួយចំនួន ដែលអនុវត្តការងារក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក ហើយសមាជិកក្រុមប្រឹក្សាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយ មិនឱ្យលើសពី ៣០ ថ្ងៃបន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ៕