(ភ្នំពេញ)៖ លោកបណ្ឌិត ងី មានហេង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានព្រមានដកហូតអាជ្ញាប័ណ្ណ ពីភោជនីយដ្ឋាន និងអាហារដ្ឋានណា ដែលគ្មានអនាម័យក្នុងការចម្អិនម្ហូបអាហារ។

ការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានធ្វើឡើងក្នុងសិក្ខាសាលា ការអនុវត្តអនាម័យចំណីអាហារដល់ប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោកបណ្ឌិត ងី មានហេង បានថ្លែងថា អនាម័យចំណីអាហារ ជាផ្នែកមួយនៃសុវត្ថិភាពចំណីអាហារ។ កាលណាគេនិយាយពីសុវត្ថិភាពចំណីអាហារ មានភាពទូលំទូលាយណាស់ គឺគេគិតតាំងពីកសិដ្ឋាន ការដាំដុះ ការចិញ្ចឹមសត្វ រហូតដល់ការប្រមូលផល ឬក៏ការកាប់សម្លាប់សត្វ ការដឹកជញ្ជូនសាច់ ការដឹកជញ្ជូនបន្លែ ការដាក់ទុកនៅទីផ្សារ រហូតយកទៅចម្អិននៅភោជនីយដ្ឋាន អាហារដ្ឋាន និងតាមផ្ទះផងដែរ។

លោកថ្លែងទៀតថា ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន ក្រសួងសុខាភិបាល មានវិធានការអនុវត្តត្រឹមតែណែនាំ និងអប់រំសិនតែប៉ុណ្ណោះ គឺគ្មានការដាក់ទោសទណ្ឌ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានឡើយ។ ប៉ុន្តែបើសិនជា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាណា ដែលធ្លាប់មានបញ្ហាចំណីអាហារ ហើយមិនព្រមកែប្រែ ក្រសួងនឹងមានវិធានការដកហូតអាជ្ញាប័ណ្ណ ឈប់ឲ្យបើកអាជីវកម្មបន្តទៀតតែម្តង។

លោកបណ្ឌិត ងី មានហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាលសព្វថ្ងៃ គឺនៅតែអនុវត្តន៍ត្រឹមអប់រំ និងណែនាំ។ កាលណាយើងមានចំណុចខ្វះខាត យើងមានតែចំណុចអប់រំ និងណែនាំគាត់ ប៉ុន្តែបើគាត់នៅតែមិនព្រមកែប្រែ យើងនឹងមានវិធានការដកអាជ្ញាប័ណ្ណ និងមិនបញ្ជាក់លិខិតអនាម័យជូនគាត់ទេ។ វាអាចឲ្យគាត់មានបញ្ហាប្រឈម នឹងការសុំអាជ្ញាប័ណ្ណ ដើម្បីបើកភោជនីយដ្ឋាន និងអាហារដ្ឋានបន្តទៀត»

ចំពោះអ្នកដែលលក់ចំណីអាហារតាមដងផ្លូវវិញ ត្រូវបានលោកបណ្ឌិត ងី មានហេង បញ្ជាក់ថា ខាងក្រសួងក៏មិនដាក់ទោសទណ្ឌអ្វីដែរ។ លោកថ្លែងថា នៅប្រទេសជិតខាងជាប់កម្ពុជា ក៏ពួកគេមានបញ្ហាប្រឈម នឹងអនាម័យចំណីអាហារ តាមដងផ្លូវដូចគ្នាផងដែរ ហេតុនេះកម្ពុជាមិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើង អនុវត្តន៍ច្បាប់លឿនជាងប្រទេសផ្សេងឡើយ។

លោកបញ្ជាក់បន្ថែមថា «យើងនៅតែអនុវត្តន៍វិធានការអប់រំ និងអនុវត្តន៍បន្ត យើងអត់ទាន់បានធ្វើអ្វីទេ។ មិនមែនតែប្រទេសកម្ពុជាទេ ដែលជួបបញ្ហានេះ សូម្បីតែប្រទេសជិតខាងយើង ក៏នៅតែជួបបញ្ហាបែបនេះដែរ។ អីចឹងយើងមិនទាន់ស្ទុះលឿនមុនគេ ខុសដៃយកដៃ ខុសជើងយកជើងទេ យើងនៅតែអប់រំ និងណែនាំ ចំពោះអ្នកលក់ចំណីអាហារតាមដងផ្លូវ»

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល, បច្ចុប្បន្នបញ្ហាចំណីអាហារ នៅប្រទេសកម្ពុជា មានភាពប្រសើរឡើងបើគេប្រៀបធៀបទៅនឹង១០ឆ្នាំមុន។ សព្វថ្ងៃមានភោជនីយដ្ឋាន អាហារដ្ឋាន ដែលអនុវត្តន៍គោលការណ៍ អនាម័យនេះបានច្រើន ហើយប្រជាពលរដ្ឋ ដែលលក់ចំណីអាហារតាមទីផ្សារវិញ ចាប់ផ្តើមយល់ដឹងពីអនាម័យចំណីអាហារ។ ចំពោះអាហារដែលគាត់លក់ដូរ គាត់មិនដាក់អាហារលើដីទេ គាត់ចេះដាក់យ៉ាងតិច ៦០សង់ទីម៉ែត្រពីដី ហើយគាត់ចាប់ផ្តើមចេះដឹង ពីការគ្របចំណីអាហារផងដែរ។

«យើងគិតថាមានភាពរីកចម្រើន។ យើងសង្ឃឹមថា នៅពេលដែលយើងបន្តបើកវគ្គនេះទៀត ការយល់ដឹងរបស់គាត់កាត់តែច្រើន ការអនុវត្តក៏កាន់តែប្រសើរឡើង»។ នេះជាការអះអាង របស់ទីប្រឹក្សាក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា បានថ្លែងថា បញ្ហាអនាម័យចំណីអាហារនេះ ភាគីពាក់ព័ន្ធបានសហការគ្នាល្អ ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់។ លោកថ្លែងថា បញ្ហានេះគេត្រូវតែសង្កត់ធ្ងន់ និងចូលរួមទាំងអស់គ្នា។

លោកបណ្ឌិត ឡី សុភាព បញ្ជាក់ថា «ចំពោះបុគ្គលណាមួយ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន កន្លែងនាំចូល និងចែកចាយទាក់ទង ទៅនឹងចំណីអាហាររបស់ប្រជាពលរដ្ឋកម្ពុជា ផ្នែកណាមួយ ប្រការណាមួយ ដែលខុសប្រក្រតីទាំងអង្គច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ យើងសហការជាមួយអាជ្ញាធរដែនដី ចុះអនុវត្តន៍តាមផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានកំណត់»

លោកបណ្ឌិត ក៏បានអំពាវនាវដល់ភោជនីយដ្ឋាន និងអាហារដ្ឋាន កន្លែងធ្វើម្ហូប បុណ្យ ការ ចុងភៅ និងអ្នកផលិតជាចំណីអាហារទាំងអស់ ទាំងគ្រឿងកំប៉ុងគ្រប់បែបយ៉ាង ដែលពាក់ព័ន្ធចំណីអាហារ និងទឹក គឺត្រូវតែនាំគ្នាគិតគូរ ពីបញ្ហាអនាម័យចំណីអាហារ។ បើសិនជាភោជនីយដ្ឋាន និងអាហារដ្ឋានណាមួយ ដែលមានបញ្ហាលើអនាម័យ ច្បាស់ជាត្រូវប្រើវិធានការក្តៅមិនខាន៕