(ឧត្តរមានជ័យ)៖ ដោយទទួលបានការឧបត្ថម្ភ និងការគាំទ្រពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅខេត្តឧត្តរមានជ័យ ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាពជាមួយក្រុមកីឡាករ បាល់ទាត់សាលាដំបូង និងអយ្យការខេត្តឧត្តរមានជ័យ។ ការប្រកួតនេះ បានធ្វើឡើងនារសៀល ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា ការប្រកួតនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្តឧត្តរមានជ័យ ដែលបានទទួលស្វាគមន៌យ៉ាងកក់ក្តៅ ពីសំណាក់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការខេត្តឧត្តរមាជ័យ និងលោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ (អតីតប្រធានសាលាដំបូង ខេត្តឧត្តរមានជ័យ)។

លោកថ្លែងថា ក្រៅពីការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្រុមសេនាយុត្តិធម៌ បានចុះទស្សនៈកិច្ចសិក្សានៅទីបញ្ជាការមុខ បញ្ជាការដ្ឋានកងកាំភ្លើងធំ អគ្គបញ្ជាការប្រចាំទិសទី៣ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ដោយភ្ជាប់ជាមួយនូវអង្ករ និងគ្រឿងបរិភាគព្រមទាំងថវិកាមួយចំនួនផងដែរ។ លើសពីនេះទៀត ក្រុមក៏បានបន្តដំណើរទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន ឈូក ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចែកសម្ភារសិក្សាជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅទីនោះ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានកត់សម្គាល់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករដែលស្ថិតក្នុងវិស័យយុត្តិធម៌ រួមមាន៖ សមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី និងមេធាវីផងដែរ។

គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជា និងនៅបរទេសជាច្រើនដងរួចហើយផងដែរ៕