(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានក្រើនរំលឹកដល់មន្ត្រីរាជការថ្នាក់ នៅក្រោមជាតិឲ្យបន្តខិតខំអនុវត្តលើកិច្ចការភូមិ-ឃុំ មានសុវត្ថិភាព បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យ បានល្អប្រសើរជូនប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន២៧នាក់។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានគូសបញ្ជាក់ថា បញ្ហាដែលនៅសេសសល់ មានដូចជាគ្រឿងញៀន ការជួញដូរមនុស្ស អំពើចោរកម្ម ល្បែងស៊ីសងជាដើម ដែលត្រូវខិតខំធ្វើការបង្ក្រាប ដើម្បីរក្សាស្ថេរភាព សន្តិសុខសាធារណៈឲ្យបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ សុវត្ថិភាពសាធារណៈ ពិសេសផ្នែកចរាចរណ៍ មន្ត្រីត្រូវបន្តធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ ឲ្យបានទូលំទូលាយ និងប្រើប្រាស់វិធានការ ផ្លូវច្បាប់ ដើម្បីបញ្ចៀសកុំឲ្យមានប្រជាពលរដ្ឋស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍នេះ។ ម្យ៉ាងទៀតចំពោះថ្នាក់ដឹកនាំចុះមូលដ្ឋាន ត្រូវចេះរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ជូនប្រជាពលរដ្ឋ នឹងត្រូវចេះពន្យល់ឲ្យប្រជាពលរដ្ឋបានយល់អំពីបញ្ហានោះផងដែរ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្ដកំពង់ចាម បានលើកឡើងថា ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម ព្រមទាំងមានកិច្ចសហការ និងការចូលរួមពីសំណាក់ឥស្សរជន ប្រទេសជាមិត្ដ ស្ថាប័ន អង្គភាព អង្គការសមាគម សប្បុរជន ជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍នានានោះ ការអភិវឌ្ឍក្នុងខេត្ដមានសន្ទុះរីកចម្រើនលើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ ជាពិសេសកំណើនជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងជាលំដាប់។

លោកអភិបាលខេត្ត បានបន្តថា ចំពោះបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានពង្រឹងកាន់តែមានស្ថេរភាពរឹងមាំ និងមានភាពកក់ក្ដៅ ដែលជាអំណោយផលដល់ការទាក់ទាញវិនិយោគក្នុងស្រុក និងបរទេស រួមទាំងដំណើរទេសចរកម្សាន្ដ និងសកម្មភាពសេដ្ឋកិច្ច សង្គមដទៃទៀត។

ជាមួយនឹងដំណើរការស្ថាបនា ការស្ដារ ពង្រីកកសាងបន្ថែមជាបន្ដបន្ទាប់នូវប្រព័ន្ធ ផ្លូវគមនាគមន៍ ធារាសាស្ដ្រ អគ្គិសនី ទឹកស្អាត ក៏ដូចជាការរីកចម្រើន គួរឲ្យចាប់អារម្មណ៍លើផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល វប្បធម៌ សាសនា និងផ្នែកដទៃទៀត ក៏មានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ និងបានត្រៀមលក្ខណៈជួយអន្តរាគមន៍ប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយនានា កើតឡើងជាយថាហេតុ ធ្វើឲ្យប្រជាពលរដ្ឋមានទឹកចិត្ដសប្បាយរីករាយផងដែរ៕