(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រតិភូអមដំណើរក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គ ភាពនានាជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណជាង៤០០នាក់។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដែលអាជ្ញាធរខេត្តបាត់ដំបង បានបំពេញនាពេលកន្លងមកជូន សម្ដេក្រឡាហោមផងដែរ ដូចជាស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សាខេត្តបាត់ដំបង ក្នុងអាណត្តិទី២សម្រេចបាន ព្រមទាំងអំពីលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្តបាត់ដំបង និងក្រុមប្រឹក្សាក្រុង ស្រុកនានាក្នុងខេត្តអាណត្តិទី៣នេះ ផងដែរ។

លោកបន្តថា សមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាល និងក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រេចបានព្រមទាំងលទ្ធផល នៃការបោះឆ្នោតនាពេលនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេចផងដែរ។

ជាមួយគ្នានេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបានឡើងប្តេជ្ញាចិត្ត ដឹកនាំការងារក្រុមប្រឹក្សាខេត្តអាណត្តិថ្មីទី៣នេះ ឲ្យបានល្អប្រសើបន្ថែមទៀត និងដោយបានបញ្ជាក់ពីអាសនៈសរុប២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ គឺមានមកពីគណបក្សប្រជាជនកម្ពុជាចំនួន២៦រូប និងមកពីគណបក្សហ្វុនស៊ិនប៉ិចចំនួន១រូប។

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោ ស ខេង បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកាកក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ដូច្នេះហើយក្រុមប្រឹក្សាខេត្ត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាពយុត្តិធម៌ដោយមិនត្រូវប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗ ខ្លួនជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាកន្លងមក មានចំនួន១៥លើកមកហើយ ដោយស្របតាមគោលការណ៍ច្បាប់ ប្រជាធិបតេយ្យសេរីពហុបក្ស តាមកាលកំណត់ ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាពមានទាំងបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា និងបោះឆ្នោត (ថ្នាក់វិមជ្ឈការ)
ថ្នាក់ក្រោមជាតិមានក្រុមប្រឹក្សារាជធានី ខេត្ត ឃុំ សង្កាត់ជាដើម។ អង្គបោះឆ្នោតឃុំសង្កាត់ជាកត្តា សំខាន់ណាស់បានដើរតួនាទីកំណត់ ទៅដល់ការបោះឆ្នោតផ្សេងៗទៀតរបស់ជាតិទាំងមូល៕