(ប៉ាតាយ៉ា-សៀមរាប)៖ អ្នកសារព័ត៌មានមួយក្រុមដែលមកពី ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (CLMV) និងវៀតណាម បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍរីកចម្រើន នៅទីក្រុងបាងកក និងក្រុងប៉ាតាយ៉ា ប្រទេសថៃ ឆ្នាំ២០១៩ រយៈពេល៥ថ្ងៃ (១០-១៤ មិថុនា ឆ្នាំ២០១៩) ដោយមានការសម្របសម្រួលពីខាងការិយាល័យសន្និបាត និងពិព័ណ៌ថៃ (TCEB) ដែលជាអង្គការសាធារណៈមួយ របស់ភាគីម្ចាស់ផ្ទះថៃ និងមានការគាំទ្រដំណើរទស្សនកិច្ចពីដៃគូរនៃក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងក្រុមហ៊ុនមួយចំនួនទៀត ។

បើតាមអ្នករៀបចំពី TCEB បានឲ្យដឹងថា ដំណើរទស្សនកិច្ចបែបនេះ ត្រូវបានគេឲ្យឈ្មោះថា ដំណើរទស្សនកិច្ចអមដោយកិច្ចប្រជុំ, ការលើកទឹកចិត្ត, សន្និសិទ, និងពិព័ណ៌ (MICE) ។ ហើយដំណើរទស្សនកិច្ចពេលនេះ គឺមានខាងភាគីកម្ពុជា ៦នាក់, ឡាវ ៥នាក់, មីយ៉ាន់ម៉ា ៥នាក់, និងវៀតណាម៥នាក់ ។ ចំពោះកម្ពុជា គឺមកពីអង្គភាពព័ត៌មាន Fresh News, កោះសន្តិភាព, ទូរទស្សន៍បាយ័ន, ទូរទស្សជាតិកម្ពុជា, និងពីបណ្ដាញសង្គម PNP ។

តំណាង TCEB បានឲ្យដឹងទៀតថា នេះជាដំណើរទស្សនកិច្ចលើកទីមួយ សម្រាប់អ្នកសារព័ត៌មាន CLMV ដែលនឹងបានរៀនសូត្រពីបទពិសោធន៍ នៃការវិវឌ្ឍរីកចម្រើន នៅក្រុងបាងកក ប៉ាតាយ៉ា និងលក្ខណៈទូទៅនៅប្រទេសថៃ ដែលជាគោលដៅ សម្រាប់ទេសចរណ៍ ឬដំណើរទស្សនកិច្ច MICE ។ ហើយក៏ដើម្បីជម្រុញឲ្យកាន់តែមានភាពរឹងម៉ាំនូវចំណងមិត្តភាព នៃការអញ្ជើញមកដល់របស់អ្នកសារព័ត៌មាន CLMV ដើម្បីបានសិក្សាផ្លាស់ប្ដូរនូវបទពិសោធន៍គ្នា ផងដែរ ។

ចំពោះលោកស្រី នីចាប៉ា យ៉ូសវី (Nichapa Yoswee) នាយករង TCEB បានមានប្រសាសន៍នៅក្នុងសន្និសិតសារព័ត៌មាន នាថ្ងៃទទួលស្វាគមន៍ប្រតិភូថា៖ យើងមានកិត្តិយស ក្នុងការរៀបចំដំណើរទស្សនកិច្ច សម្រាប់អ្នកសារព័ត៌មាន ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ TCEB ដើម្បីរក្សានិងបង្ហាញនូវភាពរឹងម៉ាំរបស់ប្រទេសថៃ ក្នុងចំណោមអ្នកធ្វើដំណើរទស្សនកិច្ច MICE មកពីប្រទេសនៃសមាជិក CLMV ដែលជាទីផ្សារដ៏គួរឲ្យកត់សម្គាល់ ដែលកំពុងមានការកើនឡើង នៃការអញ្ជើញមកដល់របស់អ្នកដំណើររហូតដល់ទៅ ២០៦% កាលពីឆ្នាំ២០១៨កន្លងទៅនេះ ។ ហើយឆ្នាំ២០១៩នេះ TCEB បានជ្រើសរើសយកទីក្រុងបាងកក និងប៉ាតាយ៉ា ជាគោលដៅដ៏សំខាន់សម្រាប់បង្ហាញ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូររីកចម្រើននូវរាលសមិទ្ធផលថ្មីៗ សម្រាប់ MICE អន្តរជាតិ ។

លោកស្រីបានគូសបញ្ជាក់ទៀតថា ទីក្រុងទាំងនេះ នឹងក្លាយជាឧទាហរណ៍ដ៏ល្អឥតខ្ចោះ ដែលបាននិងកំពុងមានការខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងបន្ថែមទៀតនូវគ្រប់ផ្នែក គ្រប់វិស័យ ហើយអាចនឹងជួយឲ្យប្រទេសថៃ បានទទួលការកោតសរសើរ និងមានចំណាត់ថ្នាក់ខ្ពស់បំផុត នៃ​គោលដៅ MICE នៅក្នុងតំបន់។ ហេតុដូច្នេះហើយ ទើបវាជាកាលានុវត្តមួយ សម្រាប់អ្នកសារព័ត៌មាននៃប្រទេស CLMV ដើម្បីបានសិក្សាស្វែងយល់បន្ថែមទៀត នៃការវិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន ហើយពួកគាត់អាចនឹងជួយផ្សព្វផ្សាយពីប្រទេសថៃប្រកបដោយប្រសិទ្ធិភាព ជូនដល់ប្រិយមិត្ត និងសាធារណៈជនរបស់ពួកគាត់ផងដែរ ។

លោកស្រី ក៏បានបន្ថែមឲ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ និងប្រកបដោយអត្ថប្រយោជន៍ ប្រចាំឆ្នាំ២០១៩នេះ គឺមានខាង TCEB សាខាថ្មីមួយជាមគ្គុទេសក៍ ដែលហៅថា «ថៃ នឹងជួយជ្រោមជ្រែងក្នុងការកំណត់នូវលក្ខណៈសម្បត្តិយ៉ាងច្បាស់លាស់ សម្រាប់ព្រឹត្តិការណ៍ធុរកិច្ចរបស់លោកអ្នក» ដែលនឹងអាចជួយក្នុងការវិនិយោគឲ្យមានភាពប្រសើរឡើងយ៉ាងពិតប្រាកដ និងស្របតាមពេលវេលាដ៏វិសេសវិសាលមួយ សម្រាប់អ្នកធ្វើដំណើរ MICE ជាមួយនិងដៃគូរថ្មីៗ ហើយមានការរឹះរកនូវដំណោះស្រាយប្រកបដោយការឆ្នៃប្រឌិតខ្ពស់ ។

ក្នុងនោះលោក វ៉ារ៉ុង អ៊ីរ៉ាសិនា ណា អាយុធ្យា (Varong Israsena Na Ayudhya) ជានាយករងផ្នែកលក់ នៃក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ពិតជាមានសេចក្ដីត្រេចអរ សម្រាប់ការចាប់ដៃគូរជាមួយ TCEB ក្នុងការរៀបចំដំណើរទស្សនកិច្ចជូនដល់ប្រតិភូអ្នកសារព័ត៌មាន តាមរយៈការគាំទ្រសម្រាប់ការស្នាក់នៅ និងការធ្វើដំណើរ​។ ទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់ អំពីភាពទំនាក់ទំនងល្អរបស់យើង ជាមួយប្រទេស CLMV។ ហើយយើងមានសង្ឃឹមយ៉ាងមុតម៉ាំថា ដំណើរទស្សនកិច្ចនេះ នឹងជួយជម្រុញឲ្យមានការផ្សព្វផ្សាយអំពីប្រទេសថៃផងដែរ ។

បន្ថែមពីលើនេះ លោកស្រី នីចាប៉ា បានមានប្រសាសន៍ទៀតថា ហេតុដែលខាងអ្នករៀបចំសម្រេចយកទីក្រុងបាងកក និងក្រុងប៉ាតាយ៉ា ជាគោលដៅសម្រាប់ដំណើរទស្សនកិច្ចនេះ គឺដោយសារតែទីក្រុងទាំងពីរនេះ បានពង្រីកនូវសក្ដានុពលយ៉ាងសំខាន់របស់ខ្លួន ទាំងហេដ្ឋារចនាសម្ព័ន្ធ រួមនិងមធ្យោបាយជាច្រើនទៀត ហើយអ្វីៗជាច្រើន ក៏បានរៀបចំនិងធ្វើឲ្យមានភាពប្រសើរផងដែរ។ និងដោយឡែកសម្រាប់ទីក្រុងប៉ាតាយ៉ា គឺមានគុណតម្លៃដ៏វិសេសរបស់វាផងដែរ ម្យ៉ាងក្រុងនេះ គឺជាច្រកដ៏សំខាន់ សម្រាប់ជាច្រករបៀងសេដ្ឋកិច្ចនៅប៉ែកខាងកើត នៃប្រទេសថៃ (EEC) ដែលរដ្ឋាភិបាលថៃ កំពុងនិងបានរៀបចំនូវរាល់ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យបានសម្រេចនូវផែនការអភិវឌ្ឍន៍ខាងឧស្សាហកម្ម ដែលមានខេត្តគោលដៅចំនួន៣ នៅភាគខាងកើតនៃទីក្រុងបាងកក។ ហើយគម្រោងធំៗចំនួន៣ គឺកំពុងតែដំណើរការ ដោយរាប់បញ្ជូលទាំងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន ពីព្រលានយន្ដហោះអន្តរជាតិទាំង៣ នៅទីក្រុងបាងកក ទៅកាន់ប៉ាតាយ៉ា ហើយព្រលានយន្តហោះអន្តរជាតិ អ៊ូ-តាប៉ាវ នៅប៉ាតាយ៉ា ក៏ត្រូវពង្រីក ផងដែរ ។

នៅក្នុងជំនួបជាមួយលោកអភិបាលរងក្រុង និងលោកទីប្រឹក្សានៃទីក្រុងប៉ាតាយ៉ា បានឲ្យក្រុមប្រតិភូដឹងថា សាលាក្រុងប៉ាតាយ៉ា គឺជាស្ថាប័នរដ្ឋបាលមូលដ្ឋានមួយ ដែលមានយុត្តាធិការគ្រប់គ្រាន់ ក្នុងដែនសមត្ថកិច្ច នៃអំណាចច្បាប់របស់ខ្លួន ក្នុងការរៀបចំ ដឹកនាំ សម្របសម្រួល និងអភិបាលកិច្ច ក្នុងការរៀបចំ ចូលរួមអភិវឌ្ឍទីក្រុងមួយនេះ ឲ្យមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពវៃឆ្លាត ឈានឆ្ពោះទៅរកនិរន្តរភាពយ៉ាងពិតប្រាកដមួយ បច្ចុប្បន្នទីក្រុងមួយនេះ បាននិងកំពុងខិតខំបន្តនូវផែនការយុទ្ធសាស្ត្រនៃទីកំណើតរបស់ «Neo-Pattaya» ក្នុងការផ្ដួចផ្ដើមប្រកបដោយភាពវិជ្ជមាន ស្របជាមួយនិងសក្តានុពលរបស់ទីក្រុង ដើម្បីទទួលស្វាគមន៍ទាំងអ្នកធ្វើដំណើរជាភ្ញៀវទេសចរ និងអ្នកជំនួញ/ធុរកិច្ច ។ បច្ចុប្បន្នក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការឆ្លើយតបនូវរាល់តម្រូវការនានា ជាមួយនិងទីក្រុងឆ្លាតវៃ (Smart City) កិច្ចការបរិស្ថាន ទាំងតាមឆ្នេសមុទ្រ និងទីក្រុង/ជនបទ គឺជាយន្ដការដ៏គន្លឹះមួយ សម្រាប់ការមកដល់នៃភ្ញៀវទេសចរ និងអ្នកជំនួញ/ធុរកិច្ច ដែលរាប់បញ្ចូលទាំងបរិស្ថានឆ្លាតវៃ, មនុស្សឆ្លាតវៃ, ការរួមរស់ជាមួយគ្នាប្រកបដោយភាពឆ្លាតវៃ, អភិបាលកិច្ចប្រកបដោយភាពវៃឆ្លាត, ការរស់នៅនិងធ្វើដំណើរ/ដឹកជញ្ជូនប្រកបដោយភាពវៃឆ្លាត និងសុខសុវត្ថិភាព ផងដែរ ។

លោកស្រីបន្តថា សម្រាប់ធុរកិច្ចនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន គឺមានកាលានុវត្តភាពយ៉ាងពេញលេញ ហើយកាលពីឆ្នាំ២០១៨ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅប្រទេសថៃ គឺមានភាពប្រសើរឡើង ផងដែរ ។ ហើយក៏ជាប់លំដាប់ថ្នាក់នៅអាស៊ាន និងបានបង្ហាញនូវភាពរីកចម្រើនយ៉ាងធំធេង ផ្នែកខាងឧស្សាហកម្មបច្ចេកវិជ្ជា ជាដើម ។ ប្រទេសថៃ គឺមានកំណើន និងប្រែក្លាយជាគោលដៅ សម្រាប់ពាណិជ្ជកម្មលំដាប់ពិភពលោក ។ ចំពោះសហគ្រិនភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស CLMV យើងនឹងរកនូវរាល់កាលានុវត្តភាពនានា ដើម្បីរួមគ្នាខិតខំឲ្យមានភាពប្រសើរឡើងមួយកម្រិតទៀត ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រតិភូ CLMV បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅក្រុងទាំងពីរនោះ គឺក្រៅពីបានជួបបណ្ដាវាគ្មិនពាក់ព័ន្ធសំខាន់ៗ, ពីក្រុមធុរកិច្ច, និងតំណាងរដ្ឋបាលក្រុង, ចូលរួមប្រជុំ/សន្និសិត គឺប្រតិភូបានទស្សនកិច្ចសិក្សាស្វែងយល់ អំពីវិស័យឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ/រីស័ត, សាលសន្និសិតខ្នាតធំៗ, ផ្សារទំនើប, ភ្លក់មុខម្ហូបអាហារ, ទស្សនាឧទ្យាន, វត្តអារ៉ាម, សារមន្ទីរ, សហគមន៍កែឆ្នៃដូង, មាត់និងឆ្នេសមុទ្រ, ដងទន្លេចៅប្រាយ៉ា, សិល្បៈ និងវប្បធម៌ផងដែរ៕