(ភ្នំពេញ)៖ បន្ទាប់ពីចាប់ផ្តើមប្រជុំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋសភាបានអនុម័តលើរបៀបវារៈទី១ មុនគេភ្លាមៗតែម្តង នោះគឺការប្រកាសទទួលស្គាល់សុពលភាព លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំ នួសលោក ពៅ សាមី ដែលទទួលមរណភាព។

លោក សុខ ផេង ត្រូវចូលស្បថកាន់តំណែង នៅព្រះបរមរាជវាំង ក្រោយទទួលស្គាល់សុពលភាពនេះ។

កិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភា ជាតំណាងរាស្រ្តចំនួន១០៨រូប ចូលរួម ក្នុងនោះ មានរបៀបវារៈចំនួន៦ ដែលត្រូវពិភាក្សា និងអនុម័ត។

របៀបវារៈចំនួន៦ ដែលរដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តនៅកិច្ចប្រជុំពេញអង្គនេះ រួមមាន៖

*ទី១៖ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
*ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
*ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ
*ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមកនៃវិនិយោគ
*ទី៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមក នៃវិនិយោគ
*ទី៦៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ៕