(ភ្នំពេញ)៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ប្រទេសហុងគ្រី នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ហើយបន្តពីនេះសម្តេចបានអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថានថែមទៀត។

ការអញ្ជើញទៅដល់ប្រទេសហុងគ្រីរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់ហុងគ្រី និងលោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហុងគ្រី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។

ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រីនេះ អង្គភាពព័ត៌មាន Fresh News ក៏បានលើកយកប្រវត្តិខ្លះៗ នៃប្រទេសហុងគ្រី ជាប្រទេសស្ថិតនៅតំបន់អឺរ៉ុប មកជម្រាបជូនមិត្តអ្នកអានផងដែរ។ (ប្រវត្តិខ្លះៗពីប្រទេសហុងគ្រី)

នៅរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី គឺមាននិស្សិត និងបងប្អូនខ្មែរដែលបានមករស់នៅក្នុងប្រទេសសមាជិកអឺរ៉ុបនេះ ចាប់តាំងពីឆ្នាំ១៩៨២ មកបានមកទទួលស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។ និស្សិតបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យពួកគេបានជួបសំណេះសំណាលនិងសួរសុខទុក្ខ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ដែលមានឱកាសបានមកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេឲ្យបានល្អ។

នៅរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន មានកិច្ចប្រជុំចង្អៀតរយៈពេលប្រមាណ ២ម៉ោងជាមួយ លោក វីទ័រ អូបេន នាយករដ្ឋមន្ត្រីហុងគ្រី។ អ្វីដែលជាចំណុចពិសេសបំផុត នៅក្នុងកិច្ចប្រជុំចង្អៀតនេះគឺ លោកនាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសគាំទ្រកម្ពុជាក្នុងការតស៊ូមតិ ដើម្បីការពារប្រព័ន្ធអនុគ្រោះក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីកន្លងទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា និងហុងគ្រី ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិន ទៅនឹងគោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធគោលនយោបាយរបស់សហភាពអឺរ៉ុប ពិសេសពាកព័ន្ធបញ្ហា EBA។

ក្នុងជំនួបកំពូលរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី) សម្តេចតេជោ ហ៊ុន សែន និងលោក វីទ័រ អូបេន (Viktor Orban) បានឯកភាពគ្នា បើកស្ថានទូតជាថ្មីឡើងវិញ នៅឆ្នាំ២០២១ ដែលជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្ត្រី ហុងគ្រី លោក វីទ័រ អូបេន ជួយដល់កម្ពុជាក្នុងការជួយជួសជុល ប្រាសាទកោះកេរ ដែលស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយបញ្ចប់ជំនួបកំពូលនេះ កម្ពុជា-ហុងគ្រី បាននុចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣ផងដែរ ក្នុងរួមមាន៖ ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទី២៖ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាងក្រសួងអប់រំយុវជន និងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ និងទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះហត្ថលេខាផងដែរ។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យ៉ាណូស អាឌែរ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី។ ក្នុងជំនួបនោះ លោកប្រធានាធិបតីហុងគ្រី បានស្វាគមន៍សម្ដេចតេជោ ហើយលោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ គឺជាការពង្រឹងទំនាក់ទំនង សាមគ្គីភាពរវាងប្រទេសហុងគ្រី និងប្រទេសកម្ពុជា។ លោកប្រធានាធិបតី ហុងគ្រី ក៏បានមានប្រសាសន៍អរគុណដែលប្រទេសយើងទាំងពីរមានចុះនូវកិច្ចព្រមព្រៀងលើកឯកសារសំខាន់ជាមួយគ្នានេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដែលសម្តេចបានជួបជាមួយប្រធានាធិបតី ហុងគ្រីនាពេលនេះ។ សម្តេចបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងគ្នា ក៏ប៉ុន្តែត្រូវបានកាត់ផ្ដាច់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។ តាមរយៈដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីនេះ ដែលពេលនេះសម្តេចតេជោបានឃើញពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។ សម្តេចតេជោតេជោ បានគូសបញ្ជាក់ថាប្រទេសហុងគ្រីធ្លាប់បានជួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ ក្នុងគ្រាដែលកម្ពុជាការលំបាកដែលពេលនោះសម្ដេចនៅជារដ្ឋមន្ត្រីការបរទេសវ័យក្មេងក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសហុងគ្រី។

ឥឡូវនេះពេលនេះយើងនឹងបង្កើតស្ថានទូតនៃប្រទេសទាំងពីរដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការចុះហត្ថលេខាចំនួន៣នេះ ។ យើងបានឯកភាព និងសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាវិស័យវប្បធម៌ ទេសចរណ៍ វិស័យអប់រំ ហើយកន្លងមកប្រទេសហុងគ្រីក៏ធ្លាប់បានជួបបង្កើតមណ្ឌលក្មេងកំព្រានៅប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីនេះ នៅព្រឹកថ្ងៃដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) ប្រធានសភាប្រទេសហុងគ្រី។ ក្នុងជំនួបនេះ ប្រធានសភាប្រទេសហុងគ្រី បានអះអាងថា រដ្ឋសភាហុងគ្រី ចង់ឃើញសភា នៃប្រទេសទាំងពីរ មានការពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ អប់រំ និងវិស័យនានា រួមទាំងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ដែលបានគាំទ្រប្រទេសកម្ពុជា តែនៅពេលកម្ពុជា ត្រូវការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសភា ប្រទេសហុងគ្រី ជាមួយគ្នានេះដែរ សម្តេចក៏អបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោត សភាអឺរ៉ុបកន្លងមកនេះ រួមទាំងប្រទេសហុងគ្រី ដែលបានឈ្នះឆ្នោត។

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយចៅស្រីបង្កើតរបស់សម្តេច និងបានបញ្ជាក់ថា ដោយសារការនឹករលឹកជីតាពេក ចៅស្រីដែលកំពុងសិក្សានៅប្រទេសបារាំង ខំជិះយន្តហោះស្កាត់មកជួបសម្តេចនៅប្រទេសហុងគ្រី ទីដែលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ។

មុនពេលចាកចេញពីប្រទេសនេះ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះប្រទេសហុងគ្រី ដែលផ្តល់ការគាំទ្រ និងយុត្តិធម៌ដល់ប្រទេសកម្ពុជា ពាក់ព័ន្ធការការពារប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេស ហុងគ្រី (Hungary) នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឆ្ពោះទៅកាន់ប្រទេស តាជីគីស្ថាន (Tajikistan) ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌូសាន់បេ ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៨៖៥៥នាទី ម៉ោងនៅទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន ត្រូវនឹងម៉ោង២០៖៥៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បន្ទាប់ពីធ្វើដំណើរចាកចេញពីទីក្រុង ប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុងរយៈពេលនៃការធ្វើដំណើរប្រមាណ៥ម៉ោងរួចមក។ (ប្រវត្តិខ្លះៗពីប្រទេសតាជីគីស្ថាន)

លុះដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan) សម្ដេចតេជោ ហ៊ុន សែន បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ លោក អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន។

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីគីជីស្ថាន សុទ្ធតែបានបង្ហាញនូវភាពរីករាយដែលបានជួបជជែកគ្នា។ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ក៏ដូចជាការចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យមានការពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។ លោកប្រធានាធិបតីគីជីស្ថាន បានយល់ស្របតាមអ្វីដែលសម្តេចនាយករដ្ឋមន្ត្របានលើកឡើង។ លោកប្រធានាធិបតី បានចាត់ទុកអ្វីដែលសម្តេចតេជោបានលើកឡើង ជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងគីជីស្ថាន។

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅ អា ស៊ី (CICA) នៅទីក្រុង ឌូសាន់ បេ នៃសាធារណរដ្ឋតាជីគីស្ថាន។

ក្នុងកិច្ចប្រជុំនោះ គឺមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៩ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនេះមេដឹកនាំនៃតំបន់ CICA បាន បញ្ចាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងនិយាមគោលការណ៍នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកលក្នុងការលើកកម្ពស់គោលដៅ និងគោលការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍ណែនាំក្នុងទំនាក់ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និងច្បាប់ អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដោយបង្ហាញពីចំណុចខ្លាំងរបស់ ស៊ីកា ពោលគឺការគឺការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត និងការមើលឃើញពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាព ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិករបស់ស៊ីកាទាំងអស់ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និង ការតភ្ជាប់គ្រប់ផ្នែក។ ក្នុងស្មារតីនេះ, សម្តេចតេជោបានលើកឡើងថា យើងគួរធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាក់ស្តែង នឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និង ពង្រឹងប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីក។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះរួមមានបន្តគាំទ្រដល់ដំណើរការរបស់CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី នៅប្រទេសតាជីគីស្ថាន ទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥។ នៅក្នុងជំនួបនោះ ប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។

បន្ទាប់ពីនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Sooronbay Jeenbekov ប្រធានាធិបតីកៀគីស្ថានជាលក្ខណៈទ្វេភាគីម្តងទៀត។ ប្រធានាធិបតីបានរីករាយដែលបានជួបសម្ដេច ក្នុងឱកាសប្រជុំស៊ីការ (CICA) នៅប្រទេសតាជីគីស្ថាននេះ។ លោកបានអរគុណចំពោះការអញ្ជើញរបស់សម្ដេចទស្សនកិច្ចនៅប្រទេសកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានជួបលោកប្រធានាធិបតី បើទោះបីជាមានការមមាញឹកគឺយើងមានឱកាសជួបគ្នានៅទីនេះ។ សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថាប្រទេសយើងទាំងអស់គឺជាសប្បាយចិត្តនៅក្របខណ្ឌស៊ីកា(CICA) នេះ។

សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរគឺមានរយៈពេល២៤ ឆ្នាំហើយ ក្រោយពីការចុះកិច្ចព្រមព្រៀងកាទូតមកនៅឆ្នាំ១៩៩៥ ដោយសម្ដេចបានមានប្រសាសន៍ថាមកដល់ពេលនេះទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនៅមានកម្រិតតិចតួចដូច្នេះហើយសម្ដេចឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំង២ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រទេសយើងទាំងពីរបន្តជំរុញទំនាក់ទំនងទ្វេភាគីនេះ ហើយនៅពេលអនាគតយើងនឹងអាចមានស្ថានទូតប្រទេសរៀងខ្លួនទៅវិញទៅមក។

សម្តេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាងមុនដែល ទី១សម្តេចបានស្នើគួរតែចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ហើយយើងអាចចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នាហើយអាចពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់បេសកកម្មនៅក្រៅប្រទេសលើកនេះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា។ សម្តេចបានចាកចេញពីប្រទេសកៀគីស្ថាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ហើយធ្វើមាតុភូមិនិវត្តន៍។ សម្តេចបានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៦ ខែមិថុនា ២០១៩ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)៕