(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ ក្រុមពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ ប្រចាំតំបន់អាស៊ី (FSB-RCG for Asia) លើកទី១៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើវឌ្ឍនភាពការងារ របស់ក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ, ការត្រៀមខ្លួនសម្រាប់វិបត្តិដែលអាចនឹងកើតឡើង ប្រតិបត្តិការអន្តរការីរបស់គ្រឹះស្ថានមិនមែនធនាគារក្នុងតំបន់អាស៊ី, ការផ្តល់ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការចូលរួមរបស់អាជ្ញាធរត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការគាំទ្រការទទួលខុសត្រូវសង្គម។

ក្នុងកិច្ចប្រជុំនោះលោកស្រីទេសាភិបាលរង ត្រូវបានអញ្ជើញដោយសហប្រធានក្រុមពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុប្រចាំតំបន់អាស៊ី ក្នុងការចែករំលែកព័ត៌មានអំពីការអនុវត្ត និងបទពិសោធន៍ទាក់ទងនឹងការផ្តល់ឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕