(កំពង់ចាម)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ក្នុងភូមិសាស្ដ្រក្រុងកំពង់ចាម និងតាមទីប្រជុំជន ជនសង្ស័យបានសារភាពថា រូបគេធ្លាប់បានធ្វើសកម្មភាពចំនួន៤លើក។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះថា កាលពីនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្តក្រុងជីអេសធី ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីឈ្មោះ ឆៃ ហឿង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈពេលដែលជនរងគ្រោះដើរទៅរកបង្គន់អនាម័យ។ ក្នុងនោះ សម្ភារបាត់បង់រួមមាន ប្រាក់រៀលចំនួន៣០ម៉ឺនរៀល និងទូរសព្ទដៃម៉ាក Nokia ចុចពិលចំនួន០១គ្រឿង។

លោកស្នងការរងបញ្ជាក់ថា ទទួលបានព័ត៌មានខាងលើនេះភ្លាម និងទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តនោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ័ត្ន ដារិទ្ធ ហៅអាវែង អាយុ២៨ឆ្នាំ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំណែកឯបក្ខពួកម្នាក់ទៀតឈ្មោះ ប៉ែន ពិសិដ្ឋ ហៅឃ្លាន អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់។

តាមចម្លើយរបស់ឈ្មោះ រ័ត្ន ដារិទ្ធ ហៅអាវែង បានឆ្លើយសារភាពថា កន្លងមកខ្លួន និងឈ្មោះ ប៉ែន ពិសិដ្ឋ ហៅឃ្លាន ធ្លាប់ធ្វើសកម្មភាពឆក់កាបូប នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានចំនួន០៤លើកគឺ

លើកទី១៖ ឆក់កាបូប កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្បែរផ្ទះពេទ្យគា ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម, លើកទី២៖ ឆក់កាបូប កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលភូមិស្វាយក្រហមគែ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម, លើកទី៣៖ ឆក់កបូប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រ ពាំងតាហំ ឃុំរអាង ស្រុកកំពង់សៀម និងលើកទី៤ ឆក់កាបូប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្ដក្រុងជីអេសធី ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ផ្អែកតាមចម្លើយខាងលើ សមត្ថកិច្ចជំនាញបាននាំជនសង្ស័យទៅចង់ឲ្យបង្ហាញទីកន្លែង ដែលបោះចោលកាបូប នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាលទ្ធផលយើងរកឃើញកាបូបបានចំនួន០២ ដែលបានធ្វើសកម្មភាពឆក់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលភូមិស្វាយក្រហមគែ និងឆក់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្តក្រុងជីអេសធី ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕