(ភ្នំពេញ)៖ ក្រោយពិធីបុណ្យសពនាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានបញ្ចប់នោះ លោកស្រី ជា គង្គា ត្រូវជាភរិយា និងក្រុមគ្រួសារនៃសពទាំងអស់ បានផ្ញើលិខិតគោរពថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នមួយចំនួន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធនៅគេហដ្ឋាន និងបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

អ្វីដែលមិនអាចភ្លេចបាននោះ គឺការចូលរួមគោរពវិញ្ញាណក្ខន្ធ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង។

ក្រៅពីថ្នាក់ដឹកនាំកំពូលៗ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធនោះ ក៏មានការចូលរួមពីគណៈប្រតិភូ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នមួយចំនួនទៀត រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ប្រធានតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ទេសាភិបាលនៃធនាគារជាតិ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, ប្រតិភូ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងគណៈប្រតិភូផ្សេងៗផងដែរ។

នៅក្នុងលិខិតគោរពថ្លែងអំណរគុណ លោកស្រី ជា គង្គា ជាភរិយា និងក្រុមគ្រួសារនៃសព បានបង្ហាញអារម្មណ៍ថា ពិតជាទទួលបាននូវភាពកក់ក្ដៅយ៉ាងជ្រាលជ្រៅជាទីបំផុត នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្តល់វត្តមានប្រតិភូជាន់ខ្ពស់ ចូលរួមជាកំលាំងកាយ កម្លាំងចិត្ត ធនធានផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃរំលែក ទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី ជាភរិយា និងក្រុមគ្រួសារនៃសព។

លោកស្រីបានចាត់ទុកថា កាយវិការដ៏ប្រពៃខាងលើនេះ បានផ្តល់ឲ្យនាងខ្ញុំ និងក្រុមគ្រួសារនៃសព មានមោទនជាកិត្តិយសដ៏ ធំធេង ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់ សម្តេច និងថ្នាក់ដឹកនាំទាំងអស់។

លោកស្រី ជា គង្គា ត្រូវជាភរិយា និងក្រុមគ្រួសារនៃសព នាយឧត្តមសេនីយ៍ ដុម ហាក់ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធ ក្នុងលោកសូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេច ព្រមទាំងគណៈប្រតិភូទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំក្លា អាយុយឺនយូរ ប្រាជ្ញាឆ្លាតវៃជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៤ឆ្នាំ៕