(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៣ ចំនួន ២១រូប ព្រមទាំងជំរុញដល់សមាជិកក្រុមប្រឹក្សា ដែលទើបទទួលបានតំណែងថ្មី ខិតខំធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ បន្ថែមទៀត។

ពិធីនេះបានការអញ្ជើញចូលរួម ពីប្រតិភូក្រសួងមហាផ្ទៃ តំណាងរាស្ត្រ គណៈអភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ នៅសាលប្រជុំសាលាខេត្ត។

បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរួចមក, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដែលទើបតែប្រកាសចូលកាន់តំណែង ក្នុងអាណត្តិទី៣ បានប្តេជ្ញាចិត្តថា ខិតខំគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ពង្រឹងរដ្ឋបាល ធ្វើម្ចាស់ក្នុងការគ្រប់គ្រង ក្នុងដែនសមត្ថកិច្ច លើកកម្ពស់គណនេយ្យភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន និងពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក គ្រប់ថ្នាក់ សំដៅរួមចំណែក ក្នុងការអភិវឌ្ឍន៍មូលដ្ឋានខេត្ត ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

លោក ស៊ុយ សែម ជំរុញឱ្យក្រុមប្រឹក្សាដែលទទួលបានតែងតាំងក្នុងអាណត្តិថ្មី ខិតខំពង្រឹងអំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ។ ជាមួយគ្នានោះជំរុញការអភវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានបន្តចូលរួមដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម ជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារម៉ូតូឌុប ដែលអញ្ជើញមកបណ្តាស្រុកក្រុង ឃុំសង្កាត់ មួយចំនួន ក្នុងខេត្តពោធិ៍សាត់ផងដែរ៕