(ភ្នំពេញ)៖ យុវសិស្សកម្ពុជា ចំនួន៤រូប ទទួលបានមេដាយសំរឹទ្ធ៧គ្រឿង ក្នុងការប្រកួតជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបីលើកទី៨។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ, ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានបញ្ជូនគ្រូដឹកនាំ២រូប អ្នកសង្កេតការណ៍ ២រូប និងបេក្ខជន ៥រូប ទៅចូលរួមក្នុងការប្រកួតជែង អ្នកវិទ្យាសាស្ត្រវ័យក្មេង ក្នុងអាស៊ានបូកបី លើកទី៨ (8* ASEAN Plus Three Junior Science Odyssey. APT JSO) សម្រាប់សិស្ស ដែលមានអាយុពី១៣ឆ្នាំ ដល់១៥ឆ្នាំ ក្រោមប្រធានបទ «តួនាទីរបស់យុវជនក្នុងការនាំយកវិទ្យាសាស្ត្រ ដើម្បីគោលដៅអភិវឌ្ឍ ប្រកបដោយចីភាពក្នុងតំបន់»

ការប្រកួតប្រជែងមានបេក្ខជន ចូលរូម៨០នាក់ មកពីបណ្តាប្រទេសអាស៊ាន ប្រទេសកូរ៉េ ចិន និងស៊ុយអែត និងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅខេត្តប៉ាក់ធុមថានី ប្រទេសថៃ។

ជាលទ្ធផល សិស្សកម្ពុជា៤រូប ទទួលបានមេដាយសំរឹទ្ធ ៧គ្រឿង ដូចរាយនាមខាងក្រោម៖

១៖ យុវសិស្ស ផន ស៉ីភាវ ភេទប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង
២៖ យុវសិស្ស មួច ថាវរៈ ភេទប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធ ២ គ្រឿង
៣៖ យុវសិស្ស ចូវ យូអ៉ី ភេទស្រី ទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយសំរិទ្ធ ២ គ្រឿង
៤៖ យុវសិស្ស ហ៊ូ ខេមរបុត្រ ភេទប្រុស វិទ្យាល័យដីដុះ ខេត្តកំពង់ចាម ទទួលបានមេដាយសំរឹទ្ធ ១ គ្រឿង៕