(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកអភិបាលរង កងកម្លាំងយុវជន នាំយកសង្ក័សី ឈើ ចុះជួយធ្វើផ្ទះជូនលោក ជុំ មឿន អាយុ៦៧ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជួយសាសង់ផ្ទះជូនគាត់ទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ថវិកា ១លាន ៤សែនរៀល គ្រឿងឧបភោគបរិភោគ ព្រមទាំងជួយឧបត្ថម្ភអង្ករជាប្រចាំខែ ៥០គីឡូក្រាម ជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ មាល័យ។

លោកអភិបាលខេត្តបន្តសួរសុខទុក្ខប្រជាពលរដ្ឋ ១គ្រួសារ មានជំងឺ នៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងបានឧបត្ថម្ភថវិកា ៣០០ដុល្លារ និងបានចាត់ឱ្យក្រុមការងារនាំយកទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តផងដែរ។

លោក អ៊ុំ រាត្រី បានថ្លែងថា បន្ទាប់ពីបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំថែរក្សា ការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ព្រមទាំងបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។

ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានមានការអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕