(រតនគិរី)៖ កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្តថ្វាយព្រះពរ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៣ យាងចូល ៨៤ព្រះវស្សា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ព្រមទាំងមានការនិមន្តព្រះសង្ឃ និងអញ្ជើញចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ទីប្រឹក្សាយុវជន ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត។

ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តុងឧត្តមនេះ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអានសារថ្វាយព្រះពរ ដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្រ្តី បុគ្គលិក អ្នកស័្មគ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត និងបានលើកដៃប្រណមបួង
សួងដល់គុណបុណ្យព្រះរតនត្រ័យព្រះបារមី តាមថែរក្សាព្រះមហាស្វេតឆត្រ និងវត្ថុស័ក្តសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តមុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គតរៀងទៅ៕