(ភ្នំពេញ)៖ រយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស-និស្សិត និងកម្មករនិយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ខ្លួន ហើយពួកគេក៏បានចាប់យកឱកាសការងារល្អៗ និងបង្កើតមុខរបរដោយខ្លួនឯង។ នេះបើតាមសារលិខិតអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់ក្នុងសារលិខិតនោះថា «ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស-និស្សិត និងកម្មករនិយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលលើកកម្ពស់ជំនាញរបស់ខ្លួន»។

ទោះជាយ៉ាងនេះក្ដី ក៏កម្ពុជាបច្ចុប្បន្នកំពុងជួបនូវបញ្ហាភាពមិនស៊ីគ្នារវាងជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាលនៅមានកម្រិត និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ជាងនេះទៅទៀត ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តឧស្សាហកម្មទី៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឲ្យមានប្រភេទការងារថ្មីៗផងដែរ។ ប៉ុន្តែអ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តនេះ នឹងមិនអាចស្វែងរកការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញឡើងវិញ និងបង្កើនសមត្ថភាពជំនាញ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញដំណោះស្រាយមួយចំនួនថា៖

* កម្ពុជាមិនមានជម្រើសអ្វីក្រៅពីបង្កើនសមត្ថភាពជំនាញដល់កម្លាំងពលកម្ម បង្កើនផលិតភាព បង្រួមគម្លាតភាពមិនស៊ីគ្នារវាងជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ តាមរយៈការពង្រីកសេវាព័ត៌មានទីផ្សារការងារ និងសេវារកការងារឱ្យធ្វើ បង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញ នាពេលអនាគត។

* ដោយបានយល់ឃើញអំពីបញ្ហាប្រឈមខាងលើ និងសក្តានុពលផ្នែកប្រជាសាស្ត្ររបស់កម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៦ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សំដៅធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ ចាប់យកបច្ចេកវិទ្យាថ្មីៗ និងចាប់យកឱកាសក៏ដូចជាជម្នះរាល់ផលអវិជ្ជមាននៃបដិវត្តឧស្សាហកម្មទី៤ ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបានឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានកំណត់ថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

* ដើម្បីផ្តល់ភាពបត់បែនងាយស្រួល ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឱ្យមានជារយៈពេលខ្លី និងរយៈពេលវែង ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយត្រូវបានអនុវត្តធ្វើឡើងនៅតាមគ្រឹះស្ថាន សហគ្រាសសហគមន៍ និងចល័ត។

* ការបណ្តុះបណ្តាលជំនាញការងារជាក់ស្តែង តាមរយៈការហ្វឹកហ្វឺនកូនជាងនៅតាមសហគ្រាស គ្រឹះស្ថានត្រូវបានអនុវត្ត និងពង្រីកជាបន្តបន្ទាប់ស្របតាមច្បាប់ស្តីពីការងារ។

* រាជរដ្ឋាភិបាលបានផ្តល់អាហារូបករណ៍កាន់តែច្រើនជូនដល់យុវជន ដែលបោះបង់ចោលការសិក្សា កូនចៅប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច កម្មករ-កម្មការិនី ដែលបាត់បង់ការងារ និងជនងាយរងគ្រោះ ដើម្បីមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលជំនាញឡើងវិញ និងបង្កើនសមត្ថភាពជំនាញ។ អន្តេវាសិកដ្ឋាន សម្រាប់គ្រូសិក្ខាកាម សិស្ស និស្សិតក្រីក្រ និងស្ត្រីម្នាក់នៅរៀនសូត្រ ត្រូវបានកសាងជាបន្តបន្ទាប់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។

* ទន្ទឹមនឹងការពង្រីកបរិមាណ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងតម្រូវការជំនាញ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ព្រមទាំងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ បំពាក់មូលដ្ឋានសម្ភារៈ និងបរិក្ខារលើកកម្ពស់គុណភាពសមត្ថភាពគ្រូដាក់ឱ្យអនុវត្តស្តង់ដា និងកម្មវិធីសិក្សាថ្មីផ្អែកលើសមត្ថភាពអនុវត្តនូវកម្មវិធីវិញ្ញាបនបត្រវិជ្ជាជីវៈ ដាក់ឱ្យដំណើរការប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ។

* ពង្រឹងទំនាក់ទំនងជាមួយឧស្សាហកម្ម និងការចុះកម្មសិក្សាអនុវត្តផ្ទាល់នៅកន្លែងធ្វើការដាក់ឱ្យអនុវត្តប្រព័ន្ធធានាគុណភាព និងពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រហូតមកដល់ពេលនេះមានគ្រឹះស្ថានសាធារណៈចំនួន ២០ ត្រូវបានទទួលស្គាល់គុណភាពពីអង្គការស្ដង់ដាអន្តរជាតិ (ISO)៕