(ព្រះសីហនុ)៖ «សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ដែលដែលចូលកាន់តំណែងត្រូវចូលរួមឱ្យសកម្មនៅក្នុងការបន្តពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងធ្វើជាតំណាងឱ្យប្រជាពលរដ្ឋគ្រប់កោសិការនៅក្នុងសង្គម ប្រមូលយកនូវធាតុចូលដែលជាក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីរៀបចំជាផែនការ និងធ្វើការងារ ជាមួយគណៈអភិបាលខេត្ត ដើម្បីតម្រង់ទិសការដឹកនាំខេត្តឱ្យបានត្រឹមត្រូវល្អ»។ នេះគឺជាការថ្លែងផ្តាំផ្ញើរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ នៅក្នុងឱកាសនៃការប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ «សមាជិកក្រុមប្រឹក្សាត្រូវចូលរួមឱ្យសកម្មដោះស្រាយបញ្ហាកង្វល់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។ មិនតែប៉ុណ្ណោះសមាជិកក្រុមប្រឹក្សាខេត្តនឹងជ្រោងទង់សាមគ្គីភាព និងឯកភាពខ្ពស់ក្នុងចំណោមមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាជននៅក្នុងខេត្ត»

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានលើកឡើងថា ស្ថានភាពនៅខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា បច្ចុប្បន្ននេះមានភាពស្មុគស្មាញជាងមុន មានបញ្ហាច្រើនដែលត្រូវដោះស្រាយរួមគ្នា ហេតុដូច្នេះសមាជិកក្រុមប្រឹក្សាខេត្តរាជធានីទាំងអស់ត្រូវសហការគ្នា និងរួមគ្នាដោះស្រាយ និងចាំបាច់ត្រូវបង្កើនសមត្ថភាពដោះស្រាយឱ្យបានខ្ពស់ និងរួមគ្នាកសាងរដ្ឋបាលទំនើបមួយសម្រាប់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះលោក សាយ សំអាល់ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត ដែលអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាតំណាងប្រជាពលរដ្ឋ បានគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត អាណត្តិទី៣ ដែលសមាជិកក្រុមប្រឹក្សារាជខេត្តបានរួមចំណែកអភិវឌ្ឍខេត្ត ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានមានប្រសាសន៍ថា ថ្ងៃនេះជាការបើកទំព័រថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ និងសូមសមាជិកក្រុមប្រឹក្សាខេត្តបង្កើនសមត្ថភាព និងចូលរួមអភិវឌ្ឍខេត្តដើម្បី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានកំណើនប្រមាណជាង៧% ក្នុងរយ:ពេល២០ឆ្នាំចុងក្រោយនេះ។ យើងនឹងបន្តរក្សាកំណើន សេដ្ឋកិច្ចបន្តទៀត»។ លោករដ្ឋមន្រ្តីជឿជាក់ថា សមាជិកក្រុមប្រឹក្សាខេត្តជាតំណាងប្រជាពលរដ្ឋ នឹងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានបន្តថា រាជរដ្ឋាភិបាលកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំជាងគេក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថា ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើន ក៏មានបញ្ហាប្រឈមួយចំនួនត្រូវដោះស្រាយផងដែរ មានដូចជាប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ កង្វះទឹកស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែម ដើម្បីឆ្លើយតបនឹងកំណើនវិនិយោគកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរ។ ជាមួយគ្នានេះលោកប្រធានក្រុមការងារបានស្នើឱ្យកងកម្លាំងសមត្ថកិច្ច រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ ធានាសន្តិសុខដល់ជនបរទេស លើកកម្ពស់សេវាសាធារណៈផ្តល់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ដោយប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តអន្តរជាតិនារទិសនារតី។

លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាអាណត្តិទី៣ បានថ្លែងអំណរគុណដល់សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់ បង្កាប់ទទួលស្គាល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តព្រះសីហនុ១៩រូប សម្រាប់អាណត្តិទី៣ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបេជ្ញាចិត្ត៖

ទី១៖ ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន អនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ។ ២៖ ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្ត ធ្វើឲ្យរដ្ឋបាលនេះ ម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។
៣៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរ ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាលសំដៅរួម ចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕