(ហុងគ្រី)៖ លោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) ប្រធានសភា ប្រទេសហុងគ្រី បានអះអាងថា រដ្ឋសភាហុងគ្រី ចង់ឃើញសភា នៃប្រទេសទាំងពីរ មានការពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ អប់រំ និងវិស័យនានា រួមទាំងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។

ការលើកឡើងបែបនេះរបស់លោក ឡាស្លូ ម័រវៀវ៍ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅប្រទេសហុងគ្រី។

លោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកចង់ឃើញការពង្រឹង ពង្រីកទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ អប់រំ លើវិស័យនានា និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ»។

ប្រធានសភាហុងគ្រី បានរម្លឹកឡើងថា លោកជាប្រធានរដ្ឋសភាទី១ របស់ប្រទេសហុងគ្រី ដែលបានទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ព្រមទាំងបានមើលឃើញនូវការរីកចម្រើនលើវិស័យរបស់កម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍគ្រប់បែបយ៉ាង ខុសពីអតីតកាលកម្ពុជា បានរងនូវភាពខ្ទេចខ្ចី ដោយសារតែសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបានបន្តថា ក្នុងឱកាសដែលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកក៏បានជួបពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាកចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដូច្នេះនៅពេលនេះ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសហុងគ្រី គឺប្រព្រឹត្តឡើងដោយជោគជ័យ ព្រមទាំងទទួលបានផ្លែផ្កាជាច្រើនគួរឱ្យគត់សម្គាល់ថែមទៀត។

ប្រធានសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះ ប្រទេសហុងគ្រី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងទេសចរណ៍ អប់រំ វប្បធម៌ ហើយនឹងខិតខំបន្តឱ្យមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយប្រទេសហុងគ្រី នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត»

ប្រធានសភារូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងបញ្ជូននិស្សិតឱ្យមកសិក្សានៅក្នុងប្រទេសហុងគ្រី ឱ្យកាន់តែច្រើនឡើង ហើយបន្ទាប់ពីរៀនចប់និស្សិតទាំងនោះ នឹងប្រើប្រាស់ចំណេះវិជ្ជានេះ ទៅជួយដល់ប្រទេសជាតិរបស់ខ្លួន ហើយការចុះអនុស្សារណៈទាំងបី រវាងប្រទេសទាំងពីរ គឺបានឆ្លុះបញ្ចាំងកម្រិតថ្មី នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាលើកទី១ដែលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយសម្តេចពាំនាំការស្នើសុំឱ្យប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រី ហើយឆ្នាំ២០១៩នេះ កម្ពុជា និងហុងគ្រីមានទំនាក់ទំនងការទូត ៦៣ឆ្នាំហើយ។ នៅឆ្នាំ២០២១ ប្រទេសទាំងពីរ នឹងប្រារព្ធពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ យើងបានឯកភាពគ្នាក្នុងការបង្កើតស្ថានទូត នៅក្នុងប្រទេសទាំងពីរផងដែរ។

សម្តេចក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចលើកនេះ នឹងបន្តការរីកចម្រើនលើទំនាក់ទំនង អ្វីដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក ហើយនេះមិនមែនជាការចាប់ផ្តើមសារជាថ្មីទេ។ ជាពិសេស សម្តេចចង់ឃើញគោលដៅសំខាន់នៃការសហការសេដ្ឋកិច្ច ពង្រឹងពាណិជ្ជកម្ម ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យមានផ្លែផ្កាបន្ថែមទៀត។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ដែលបានគាំទ្រប្រទេសកម្ពុជា តែនៅពេលកម្ពុជា ត្រូវការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសភា ប្រទេសហុងគ្រី ជាមួយគ្នានេះដែរ សម្តេចក៏អបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោត សភាអឺរ៉ុបកន្លងមកនេះ រួមទាំងប្រទេសហុងគ្រី ដែលបានឈ្នះឆ្នោត។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រធានសភាហុងគ្រី ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាម្តងទៀត ព្រមទាំងបានស្នើសុំឱ្យមានអនុស្សារណៈយោគយល់គ្នា រវាងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ លើសពីនេះសម្តេចក៏បានអញ្ជើញ ប្រធានសភាប្រទេសហុងគ្រី ឱ្យចូលរួមកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ដែលនឹងធ្វើឡើងនៅឆ្នាំ២០២០ ក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបថែមទៀត។

ជាការឆ្លើតតប ប្រធានសភាហុងគ្រី បានថ្លែងអំណរគុណការអញ្ជើញរបស់សម្តេចតេជោ ឱ្យទៅបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលសភាអាស៊ី-អឺរ៉ុប ព្រមទាំងបានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតយន្តការរវាងសភាអឺរ៉ុប និងសភាកម្ពុជា ហើយជាពិសេសទៀតនោះ គឺការតាក់តែងអនុស្សារណៈ រវាងសភាប្រទេសទាំងពីរ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ សភាទាំងពីរ។

លោកអះអាងបន្តទៀតថា សភា ក៏ដូចជាប្រទេសហុងគ្រី នឹងបន្តគាំទ្រកម្ពុជា ដូច្នេះហុងគ្រីនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងទេសចរណ៍ អប់រំ វប្បធម៌ ហើយនឹងខិតខំបន្តឱ្យមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជនថែម។ ហុងគ្រីនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ៕