(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៥គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការលើកទឹកចិត្តដល់គ្រួសារទាំងអស់ឱ្យបន្តខិតខំតស៊ូដើម្បីជីវិតរស់នៅ ជាពិសេសត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានជូនពរដល់ជនរងគ្រោះ និងអ្នកជំងឺទាំងអស់ ឆាប់បានជាសះស្បើយឡើងវិញ។

ក្រុមគ្រួសារទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានក្តីមេត្តាករុណា លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមចំពោះអ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងឡើយ។

សូមបញ្ជាក់ថា អ្នកទទួលអំណោយទាំង ៥គ្រួសារ មានដូចខាងក្រោម ៖

១៖ លោក ខ្លូត វាសនា អាយុ ៣៤ឆ្នាំ ជាមន្ត្រីព័ត៌មាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ៥លានរៀល។

២៖ លោក សុខ សារឿន អាយុ ៦៥ឆ្នាំ មន្ត្រីបច្ចេកទេសទូរទស្សន៍ជាតិកម្ពុជា រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ៥លានរៀល។

៣៖ លោក គឹម ស៊ីផាន អាយុ ៥៦ឆ្នាំ គ្រូបង្រៀនចូលនិវត្តន៍មានជីវភាពលំបាក កំពុងវះកាត់ព្យាបាលពោះវៀនធ្ងន់ធ្ងរ ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ៥លានរៀល។

៤៖ លោក សរ សូភិន​ អាយុ ៥២ឆ្នាំ អតីតយុទ្ធជនពិការជើងមានជីវភាពលំបាក ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ២លានរៀល។

៥៖ កុមារា សុខ ហេង អាយុ ១២ឆ្នាំ រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ២លានរៀល៕