(ភ្នំពេញ)៖ ដើម្បីពង្រីកនូវការនាំចេញផលិតផលកសិកម្ម ឲ្យបានច្រើនថែមទៀតនោះ កម្ពុជាបាននិងកំពុងចរចាជាមួយភាគីចិន ដើម្បីនាំចេញត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិន នៅពេលខាងមុខ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រសួងកសិកម្មកំពុងតែខិតខំធ្វើការ យ៉ាងជិតស្និតជាមួយភាគីចិន ដើម្បីធ្វើយ៉ាងណាឲ្យការនាំចេញត្រីប្រា ពីកម្ពុជាទៅចិនសម្រេចបាននៅពេលឆាប់ៗខាងមុខនេះ។

លោកថា ក្នុងជំនួបជាមួយលោក Hu Wei អនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋាបាលគយ សាធារណរដ្ឋប្រជាមានិតចិន ទាំងនៅថ្ងៃម្សិលមិញ និងថ្ងៃនេះ លោករដ្ឋមន្ត្រីបានពិភាក្សាការងារនាំចេញត្រី និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិននេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះការនាំចេញត្រីទៅកាន់ប្រទេសចិននេះ នៅកម្ពុជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ ដែលមានក្រុមហ៊ុនមួយរបស់ចិន បានរៀបចំការរោងចក្រកែច្នៃ និងវេចខ្ចប់ រៀបចំឃ្លាំងត្រជាក់ និងផ្សារភ្ជាប់ជាមួយកសិដ្ឋានចិញ្ចឹមត្រីប្រា នៅកម្ពុជាមួយចំនួនទៀត។

លោកបន្ដថា កន្លងមកកម្ពុជាបានធ្វើលិខិតជាច្រើន តាមរយៈក្រសួងការបរទេសផ្ញើទៅកាន់ប្រទេសចិន ប៉ុន្ដែលិខិតនេះដាក់ទៅមិនបានទៅដល់ស្ថាប័នដែលទទួលខុសត្រូវ ក្នុងការអនុញ្ញាតឲ្យនាំចូលត្រីនេះឡើយ។

លោកបន្ដថា «នៅពេលនេះ គណៈប្រតិភូដែលដឹកនាំដោយអនុរដ្ឋមន្រ្ដីរដ្ឋាបាលគយ បានប្រគល់ឈ្មោះលេខទូរស័ព្ទទំនាក់ទំនងមកឲ្យយើងហើយ។ យើងនឹងធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់ភាគីចិន ដែលទទួលការងារនេះ។ ក្នុងនោះលោកអនុរដ្ឋមន្រ្ដីបានប្រាប់ថា គាត់បានណែនាំដល់មន្រ្ដីដែលទទួលបន្ទុកការងារនេះ ឲ្យសហការជាមួយរដ្ឋបាលជលផលកម្ពុជា ហើយពេលគាត់ត្រឡប់ទៅវិញសង្ឃឹមថា ទទួលបានជោគជ័យ»

ទាក់ទងនឹងឧបសគ្គសម្រាប់ការនាំចេញត្រីនេះ ត្រូវបានលោករដ្ឋមន្ត្រីអះអាងថាមិនមានឧបសគ្គអ្វីនោះទេ នៅពេលដែលភាគីអគ្គរដ្ឋបាលគយ បានឯកភាពគ្នារួចហើយ គឺកម្ពុចាអាចនាំចេញបាន ព្រោះមានដៃគូល្អ និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់ ដូច្នេះការនាំចេញនេះ នឹងប្រព្រឹត្តទៅដោយរលូន។ លោកថាក្រុមហ៊ុនដែលវិនិយោគនាំចេញត្រី គឺសុទ្ធតែមានបទពិសោធន៍នាំចេញសាច់គោ ក៏ដូចជាផលិតផលកសិកម្មមួយចំនួនទៀត នៅប្រទេសចិនផងដែរ។

លោក វេង សាខុន បន្ថែមថា ចំពោះបែបបទនៃការស្នើសុំអនុញ្ញាតនាំចេញផលិតកសិកម្មកម្ពុជា ទៅកាន់ប្រទេសចិន ភាគីចិនតម្រូវដាក់ម្តងមួយមុខៗ មិនតម្រូវឲ្យដាក់ជាកញ្ចប់នោះឡើយ។ លោកបន្តថា «ភាគីចិនបានលើកឡើងពីឲ្យដឹងថា ប្រសិនបើកម្ពុជាចង់នាំចេញផលិតផលអ្វី ត្រូវស្នើជាមុនសិន ដើម្បីឲ្យមន្ត្រីរបស់ចិនចុះត្រួតពិនិត្យ។ ដូច្នេះខាងភាគីចិននឹងចុះមកមើលលើនីតិវិធីការចិញ្ចឹមត្រី, ត្រួតពិនិត្រប្រភេទត្រី ដែលត្រូវចិញ្ចឹមនីមួយៗ ដើម្បីយកមកវេចខ្ចប់ ធ្វើតាមវិធានរបស់គេ និងធ្វើម្ដងមួយៗ»។

យ៉ាងណាចំពោះទំហំនៃការនាំចេញត្រីទៅកាន់ប្រទេសចិន លោករដ្ឋមន្ត្រីមិនទាន់អាចកំណត់បានឡើយថា នឹងនាំចេញប៉ុន្មាន ប៉ុន្ដែឲ្យតែមានភ្លើងខៀវពីប្រទេស ការចិញ្ចឹមរបស់កម្ពុជានឹងអាចកើតឡើង ព្រោះតែពេលនេះកសិករមិនសូវហ៊ានពង្រីកការចិញ្ចឹមត្រីទេ ដោយសារមានបញ្ហាប្រឈមលើទីផ្សារ។ ដូច្នេះប្រសិនបើយើងមានទីផ្សារ យើងនឹងឈានដល់ការពង្រីកកសិដ្ឋានធំៗបន្ថែមទៀត និងបង្កើននូវការនាំចេញត្រី។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ក្រៅពីការនាំចេញត្រី ភាគីចិនពេញចិត្តប្រសិនបើកម្ពុជាពង្រីកលើការនាំចេញផ្លែម្នាស់ទឹកឃ្មុំ និងផ្លែទុរេន ដោយសារតែចិនពេញចិត្តទទួលយក ព្រោះល្បីថា ម្នាស់ទឹកឃ្មុំមានរសជាតិឈ្ងុយឆ្ងាញ់ ដែលការដាំដុះនៅខេត្តប៉ៃលិន និងបាត់ដំបង។ ចិនសង្ឃឹមថា កម្ពុជានឹងស្នើសុំបន្ដបន្ទាប់ទៀត ក្នុងការនាំចេញទៅកាន់ប្រទេសចិន។ លោកថា ក្នុង១ឆ្នាំៗប្រទេសចិនបាននាំចូលផ្លែឈើ មិនតិចជាង១០លានតោនទេ។

ពាក់ព័ន្ធនឹងការនាំចេញត្រីប្រានេះដែរ នៅប្រទេសជិតខាងកម្ពុជា គឺវៀតណាម ក្នុង១ឆ្នាំៗបានធ្វើការនាំចេញ រហូតដល់ជាង៨ពាន់លានដុល្លារ ទៅកាន់ទីផ្សារពិភពលោក។

ហេតុផលដែលប្រទេសវៀតណាម មានលទ្ធភាពនាំចេញបានច្រើននេះ ត្រូវបានលោករដ្ឋមន្ត្រីលើកឡើងថា ដោយសារវៀតណាម មានស្ថានភាពល្អក្នុងការចិញ្ចឹមត្រី ហើយមួយវិញទៀតនៅវៀតណាមថ្លៃភ្លើងថោក ដែលចិញ្ចឹមទៅមានលក្ខណៈងាយស្រួល ក្នុងការកែច្នៃ, ក្លាសេមុននាំចេញ ហើយកំពង់ផែក៏មានលទ្ធភាពល្អប្រសើរ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា តាមសេចក្ដីរាយការណ៍ របស់អ្នកនាំចេញផលិតផលផ្លែចេក បានត្អូញត្អែថា ការដឹកជញ្ជូនក្នុង១កុងតឺនឺរ តម្លៃប្រហាក់ប្រហែល១ពាន់ដុល្លារ ហើយចំណាយពេលប្រមាណ២សប្ដាហ៍ ទើបបញ្ចូនដល់ទីក្រុងសៀងហៃ។ ដូច្នេះយើងត្រូវការទាំងពេលវេលា និងថវិកាច្រើន នេះជាចំណុចមួយដែលធ្វើឲ្យអ្នកវិនិយោគរារែកចិត្ត ដែលយើងកំពុងខិតខំប្រឹងប្រែងថា ធ្វើម៉េចបន្ទាបតម្លៃសេវាផ្គត់ផ្គង់ដល់ការកែច្នៃរបស់យើងនៅពេលខាងមុខ។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋាបាលគយចិន បានស្នើឲ្យភាគីចិនពន្លឿនការនាំចេញផ្លែស្វាយ និងកសិផលមួយចំនួនទៀត ដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ឲ្យបានឆាប់រហ័ស៕