(ភ្នំពេញ)៖ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ចំនួន១០០នាក់ បានទទួលការបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រងប្រសិទ្ធភាពការងារ» រយៈពេល៤ថ្ងៃ ព្រមទាំងបានទទួលបាននូវអនុសាសន៍ របៀបរបបរដ្ឋបាល និងជំនាញនានាជាច្រើនទៀត ពីសំណាក់ថ្នាក់ដឹកនាំ តាមនាយកដ្ឋានជំនាញ នៃក្រសួងទេសចរណ៍ ដើម្បីឱ្យមន្ត្រីយកទៅអនុវត្តន៍ ចំគោលដៅការងាររបស់ខ្លួន។

វគ្គបណ្ដុះបណ្ដាល៤ថ្ងៃនេះ បានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ហើយពិធីបិទវគ្គបណ្ដុះបណ្ដាល ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមិថុនា ក្រោមអធិបតីភាពលោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោកអគ្គនាយក គង់ សូលីដា បានឱ្យដឹងថា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ យើងអាចនិយាយបានថា ក្រោមពន្លឺ នៃនយោបាយឈ្នះ-ឈ្នះ និងផ្លែផ្កានៃសន្តិភាព បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃ ហើយកម្ពុជាក៏បានធ្វើសមាហរណកម្ម ទៅក្នុងតំបន់ និងពិភពលោក ដោយស្មើមុខស្មើមាត់ ស្មើសិទ្ធិ និងស្មើភាពនៅលើឆាកអន្តរជាតិ ពិសេសជាងនេះទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខនេះ។

លោកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងតែផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដូច្នេះ កម្ពុជានឹងក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ហើយ «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព», វិស័យអាទិភាព៤ មនុស្ស ផ្លូវ ទឹក ភ្លើង, អភិក្រម៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ដោយឈលើស្មារតីឯករាជ្យជាតិ។

លោកបានបន្ថែមទៀតថា សម្រាប់អាណត្តិទី៦នេះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកំណត់គោលដៅជាយុទ្ធសាស្រ្តច្បាស់លាស់ គឺជាអាណត្តិ នៃការពង្រឹងគុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឱ្យគ្រប់ផលិតផល និងសេវាកម្មទេសចរណ៍មានការប្រែប្រួល ធ្វើឱ្យគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍មានការប្រែប្រួល ធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាការនាំចេញនៅនឹងកន្លែង ដ៏មានប្រសិទ្ធភាព ធ្វើឱ្យវិស័យទេសចរណ៍ ផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់ប្រជាពលរដ្ន និងសហគមន៍មូលដ្ឋាន។

លោកអគ្គនាយករដ្ឋបាលបានបន្តថា ដោយឡែកវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពមួយ ដើរតួជាមាសបៃតង រួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦.២លាននាក់ កើនឡើង ១០.៧% ធៀបនឹងឆ្នាំ២០១៧ ដោយបាននាំមកនូវប្រាក់ចំណូលជូនជាតិប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក រួមចំណែក១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់។ ដោយឡែកក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួន ២.៤លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

លោកបានបន្ថែមទៀតថា តាមការព្យាករណ៍ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលទេសចរអន្តរជាតិ៦.៧លាននាក់ ឆ្នាំ២០២០ ប្រមាណជាង៧លាននាក់ ឆ្នាំ២០២៥ ប្រមាណ១១លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ១៥លាននាក់។ ដូចនេះ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់ក្រសួង និងប្រទេសជាតិ គឺតម្រូវឱ្យមន្ត្រីរាជការយើងខិតខំបង្កើនសមត្ថភាពបន្ថែមទៀត ទាំងផ្នែកជំនាញ ផ្នែកភាសាបរទេស និងផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដើម្បីដើរឱ្យទាន់តាមសភាពការណ៍វិវត្តរីកចម្រើន នៃសកលលោកបច្ចុប្បន្នទៅអនាគត។ ទោះបីយើងមានផែនការ យុទ្ធសាស្រ្ត និងទិសដៅច្បាស់លាស់យ៉ាងណាក៏ដោយកត្តាសំខាន់ ដើម្បីសម្រេចជោគជ័យនោះ គឺត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាព។

លោក គង់ សុលីដា ក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវចំណេះដឹង បទពិសោធន៍ និងទស្សនទានថ្មីៗ បន្ថែមលើអ្វីដែលមានស្រាប់ពាក់ព័ន្ធនឹងរបត់ការងារប្រចាំថ្ងៃនៅតាមអង្គភាព របស់ខ្លួន។ លោកក៏សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន៖

* ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
* បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តន៍របស់សង្គម
* ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍសមត្ថភាពការងារថ្មីៗបន្ថែមទៀត
* ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំ សហការី និងមន្ត្រី
* ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ
* ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ មន្ត្រីគំរូ ដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា៕