(ភ្នំពេញ)៖ ក្នុងគោលបំណងជំរុញស្មារតីស្រលាញ់ ចូលរួមថែរក្សាបង្កើនការយល់ដឹង អំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក យុវជនមកពីកម្ពុជា ថៃ វៀតណាម ឡាវ បានចូលរួមសិក្ខាសិលាស្តីអំពី «យុវជន និងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌»។

សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការយូណេស្កូជាតិកម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

លោកសាស្រ្តាចារ្យ Azedine Beschaouch ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ជោគជ័យរបស់កម្ពុជាក្នុងវិស័យបេតិកភណ្ឌ គឺការបណ្តុះបណ្តាលយុវជន ព្រោះបច្ចុប្បន្នអ្នកជំនាញខ្មែរ មានសមត្ថភាពពេញលេញ អាចធ្វើការជាមួយអន្តរជាតិបាន។ ដូច្នេះ សូមយុវជនយកចិត្តទុកដាក់រៀនសូត្រ ដើម្បីបន្តវេនជាបន្តទៀត ព្រោះថាតំបន់អង្គរ មិនត្រឹមជាសម្បត្តិបេតិកភណ្ឌពិភពលោក ឬគ្រាន់ជាប្រាសាទធម្មតានោះទេ តែជាព្រលឹងជាតិខ្មែរទាំងមូល ដែលយុវជនខ្មែរត្រូវឆ្វេងយល់ កិច្ចការបេតិកភណ្ឌឱ្យបានទូលំទូលាយ និងយល់ច្បាស់លាស់ពីតម្លៃព្រលឹងជាតិខ្មែរ។

ក្នុងនាមជាប្រធានយុវជនវិស័យបេតិកភណ្ឌ នៃសហភាពសហព័ន្ធយុវជនកម្ពុជា លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា នេះមិនមែនជាលើកទីមួយទេ ដែលស.ស.យ.ក. បានសហការជាមួយស្ថាប័នផ្សេងៗ ដើម្បីបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងពីបេតិកភណ្ឌ កីឡា និងកិច្ចការសំខាន់ផ្សេងៗ គ្រប់វិស័យនៅក្នុងសង្គម ដើម្បីផ្តល់ឱ្យយុវជនមានការយល់ដឹង នូវការងារដែលត្រូវបន្តវេនពីអ្នកជំនាន់មុន។

អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា លោក លឹម ប៊ុនហុក ក៏បានលើកឡើងក្នុងឱកាស ដែលយុវជនទាំងអស់នឹងទទួលបាន តាមរយៈការសិក្សារៀនសូត្រ និងបទពិសោធន៍ពីអ្នកជំនាញជាន់មុនៗ ព្រោះថាអ្នកជំនាញទាំងនោះ មិនអាចនៅជាយូរអង្វែងបានឡើយ មានតែយុវជនប៉ុណ្ណោះ ដែលអាចបន្តការងារនេះ ប្រៀបបានជាទំពាំងស្នងឫស្សី។

សូមបញ្ជាក់ដែរថា សិក្ខាកាមជាតិ-អន្តរជាតិដែលបានចូលរួម មានចំនួនសរុប២០រូប មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក យុវជនស.ស.យ.ក. រមណីយដ្ឋានវត្តភូប្រទេសឡាវ រមណីយដ្ឋានមីសឺង ប្រទេសវៀតណាម រមណីយដ្ឋានសុខោទ័យ និងក្រុងរណបនៃរមណីយដ្ឋានវាំងឃុំខាម ប្រទេសថៃ៕