(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនជំនាញបាញ់កាំភ្លើងដៃ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា សម្រាប់ការងារហ្វឹកហ្វឺននេះ បានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈផ្តល់ចំណេះដឹង និងចំណេះធ្វើជាជំនាញដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។

មេបញ្ជាការរូបនេះ បន្ដថាចំពោះវគ្គហ្វឹកហ្វឺនបំប៉នបាញ់កាំភ្លើងដៃ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនេះ ជាកិត្តិយសមួយសម្រាប់កងយោធពលខេមរភូមិន្ទ ដែលបានបង្ហាញពីការចូលរួម និងការជួបជុំរបស់កងទ័ពជើងគោកអាស៊ាន និងកងយោធពលខេមរភូមិន្ទ គឺដើម្បីរឹតចំណងសាមគ្គីភាពឲ្យក្លាយទៅជាអាស៊ានតែមួយ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយសេនាធិការរងកងទ័ពជើងគោក និងជានាយកការិយាល័យហ្វឹកហ្វឺន បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃ គឺដើម្បីឲ្យយោធិនបានរៀបចំខ្លួន និងត្រៀមបង្កើនសមត្ថភាពបន្ថែមទៀត សម្រាប់ទៅប្រកួតបាញ់ជម្រុះបន្តទៅ ហ្វឹកហ្វឺនហាត់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងត្រៀមទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដែលប្រារព្ធឡើងនាពេលខាងមុខនេះ៕