(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងថា ផលិតកម្មដំណាំពោត នៅក្នុងប្រទេសកម្ពុជា កំពុងទទួលរងនូវការរាតត្បាតបំផ្លាញ ពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm - Spodoptera frugiperda) ដែលពុំធ្លាប់មានវត្តមាន នៅក្នុងប្រទេសកម្ពុជាពីមុនមក។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ដង្កូវហ្វូងប្រភេទថ្មីនេះ ត្រូវបានគេចាត់ទុកជាសត្វល្អិតចង្រៃចម្បង មានដើមកំណើតនៅទ្វីបអាមេរិកខាងត្បូង ដែលអាចធ្វើការបំផ្លាញលើដំណាំ និងរុក្ខជាតិជាង៨០ប្រភេទ ក្នុងនោះ ពោតជាដំណាំដែលដង្កូវនេះ ចូលចិត្តស៊ីបំផ្លាញជាងគេ។

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញចុះពិនិត្យ និងតាមដានលើវត្តមាន នៃ ដង្កូវហ្វូងប្រភេទថ្មីនេះ ជាលទ្ធផលបង្ហាញថា ពិតជាមានការគំរាមកំហែងដ៏ធ្ងន់ធ្ងរ លើផលិតកម្មដំណាំពោត នៅប្រទេសកម្ពុជា ព្រោះជាប្រភេទសត្វល្អិតចង្រៃ ដែលមានកម្រិតនៃការរាតត្បាតបំផ្លាញលឿនបំផុត ហើយស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា បានទទួលរងនូវបាតុភូតអែលនីណូ បណ្តាលឲ្យមានរដូវប្រាំង ក្តៅខ្លាំងអូសបន្លាយរយៈពេលវែង ធ្វើឲ្យមានលក្ខខណ្ឌកាន់តែសមប្រកបសម្រាប់ដង្កូវហ្វូងប្រភេទថ្មីនេះ មានលទ្ធភាពបង្កើនការរាលដាលឆ្លង និងបំផ្លាញដំណាំពោតកាន់តែលឿន។

ជាក់ស្តែងគិតមកត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ មានផ្ទៃដីដំណាំពោត ដែលរងការបំផ្លាញសរុបចំនួន១១,១៤២ហិកតា ដែលក្នុងនោះ ខេត្តប៉ៃលិនចំនួន២,៥៤៤ហិកតា, បាត់ដំបង ចំនួន៣,០៣៣ហិកតា បន្ទាយមានជ័យចំនួន៤,៧១៥ហិកតា និងត្បូងឃ្មុំ ចំនួន៨៥០ហិកតា។

ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរាតត្បាត និងបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មីខាងលើ ព្រមទាំងធានា បាននូវនិរន្តរភាពនៃផលិតកម្ម និងការនាំចេញផលិតផលពោតនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងបងប្អូនប្រជាកសិករ ដែលដាំដុះដំណាំពោតទាំងអស់ ត្រូវចូលរួមសហការ អនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

១៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំផែនការ កម្មវិធីទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្មដំណាំពោត នៅក្នុងប្រទេសកម្ពុជា។

២៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការស្រាវជ្រាវ អង្កេតព្យាករណ៍កម្រិតបំផ្លាញរបស់ដង្កូវហ្វូងប្រភេទថ្មីនេះ និងជំរុញវិធានកិច្ចការការពារដំណាំ ក្នុងការកម្ចាត់ និងទប់ស្កាត់ការរាតត្បាត នៃដង្កូវហ្វូងប្រភេទថ្មីនេះទៅតាមបណ្តាខេត្តទូទាំងប្រទេស។

៣៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ ដោយកំណត់យកជម្រើសចម្បងនូវវិធាន ការជីវសាស្ត្រ រូបសាស្ត្រ មេកានិក ឬវិធានការក្សេត្រសាស្រ្ត និងអនុវត្តវិធានការគីមីជាជម្រើសចុងក្រោយក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន ចំពោះមនុស្ស សត្វ និងប្រព័ន្ធហ្សេត្របរិស្ថាន។

៤៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម ដើម្បីបន្តការពិនិត្យតាមដាន និងវាយតម្លៃសភាពការណ៍រាតត្បាតនៃដង្កូវហ្វូងប្រភេទថ្មីនេះ និងចូលរួមអនុវត្តវិធានកិច្ចការពារដំណាំ។

៥៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យនិងជំរុញបងប្អូន ប្រជាកសិករឱ្យចុះពិនិត្យចម្ការពោតជាប្រចាំ ហើយនៅពេលឃើញមានសញ្ញាសង្ស័យនៃការបំផ្លាញអំពី-ដង្កូវហ្វូងប្រភេទថ្មីនេះ ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មជាបន្ទាន់។ ជាមួយគ្នានេះត្រូវចុះពិនិត្យ និងវាយតម្លៃការខូចខាតជាក់ស្តែងដើម្បីមានវិធានការស្តារឡើងវិញឲ្យបានទាន់ពេលវេលា។

៦៖ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវជំរុញចលនាមហាជនក្នុងមូលដ្ឋាន ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិអន្តរជាតិ វិស័យឯកជន និងបងប្អូនប្រជាកសិករ ដើម្បីចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីនេះ៕