(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើស គ្រឿងញៀនបាន១ករណី ដោយឃាត់ខ្លួន ជន សង្ស័យ ចំនួន២នាក់ និងរឹបអូស បាន ថ្នាំ ញៀនចំនួន ២ កញ្ចប់ ធំ។ យុទ្ធនាការ ចុះបង្រ្កាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ ឯក រស់ កី បានបន្ដទៀតថា សកម្មភាពរបស់សមត្ថកិច្ចជំនាញ បានឈានទៅឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ចំនួន ២នាក់ រួមមាន៖ ឈ្មោះ ឆៃ សុវណ្ណារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មាន ទីលំនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ និង ឈ្មោះ ម៉េត សុភ័ណ្ឌ ភេទស្រី អាយុ ២៧ឆ្នាំ មាន ទីលំនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ចំណែកវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបាន រួមមាន៖ ម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់ធំ, កញ្ឆារ១កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់ ដើម្បីជក់គ្រឿងញៀន មួយចំនួនទៀត។

អធិការនគរបាល ស្រុកស្ទឹងហាវ រូបនេះ បានបញ្ជាក់ថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំង២នាក់នេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនផ្ទាល់ ហើយត្រូវបានសមត្ថកិច្ច របស់លោកធ្វើការតាមដាន គ្រប់សកម្មភាព របស់ជនសង្ស័យ មុនឈានមកដល់ថ្ងៃចាប់ឃាត់ខ្លួន។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕