(កោះកុង)៖ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយមន្ត្រីពាណិជ្ជកម្ម និងអាជ្ញាធរក្រុងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យលើកគ្រឿងឧបរិភោគបរិភោគរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារដងទង់ និងនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្រ្តផ្សារ នៃខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញគ្រឿងភេសជ្ជៈណាហួសការបរិច្ឆេទថ្ងៃ ខែ ឆ្នាំ ផលិតប្រើប្រាស់។

លោក សម ចិន្ត្រា អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានឱ្យដឹងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ នៃការត្រួតពិនិត្យលក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅតាមស្លាកសញ្ញាសំបកវេចខ្ចប់ កាលបរិច្ឆេទកំប៉ុងកំពិត ប៉ោងរលួយ។ ល។ ត្រួតពិនិត្យគុណភាព និងភាពអនុលោមភាព ដោយធ្វើការវិភាគជាបឋមទៅលើផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែល ហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក សម ចិន្ត្រា បានបន្តថា ជាលទ្ធផលមន្ត្រីកាំកុងត្រូល បានដកហូតនំកញ្ចប់មួយចំនួនដែលហួសកាលបរិច្ឆេទ ដែលមន្រ្តីជំនាញបានរកឃើញ។ ចំពោះបញ្ហានេះមន្ត្រីជំនាញ ក៏បានធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករឲ្យមានការយល់ដឹងកាន់តែខ្ពស់ ចំពោះបញ្ហានេះផងដែរ ហើយចំពោះវត្ថុតាងដែលហួស កាលបរិច្ឆេទ មន្ត្រីជំនាញបានយកមករក្សាទុកនៅក្នុងសាខា ដើម្បីរងចាំការដុះកម្ទេចចោល។

ជាចុងក្រោយលោក សម ចិន្ត្រា បានអំពាវនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់ វិចខ្ចប់ត្រឹមត្រូវ មានកាលបរិច្ឆេទត្រឹមត្រូវ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ នឹងនៅតាមលំនៅដ្ឋាននេះ ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគដើម្បីសុខភាពរបស់បងប្អូន៕