(ភ្នំពេញ)៖ ដោយមានបទពិសោធន៍ ក្នុងការលក់ជាពិសេសលើវិស័យអចលនទ្រព្យ លោក អេង លាភា ដែលជាអ្នកនិពន្ធសៀវភៅក្នុងវិស័យដីធ្លី បានបញ្ចេញស្នាដៃទី២ របស់លោកមួយទៀត ដោយនិពន្ធសៀវភៅ «ជោគជ័យមិនធ្លាក់ពីលើមេឃ ! ហេតុអ្វី» ដើម្បីផ្ដល់ចំណេះដឹង និងដាស់តឿនស្មារតីមិត្តអ្នកអាន ឱ្យខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ហើយកុំពឹងលើព្រេងវាសនា។

ក្នុងសៀវភៅ «ជោគជ័យមិនធ្លាក់ពីលើមេឃ! ហេតុអ្វី» ម្ចាស់ស្នាដៃ បានបញ្ជាក់ពីមូលហេតុសំខាន់ៗចំនួន៥ ដែលសាធារណជន គួរអានសៀវភៅនេះ ជាពិសេសសម្រាប់អ្នកលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ ទី១៖ យល់ដឹងពីដំណើរការការងារអនុវត្តគម្រោងទាំងមូល,​ ទី២៖ ការមានគំនិតក្នុងការទទួលគម្រោងមកគ្រប់គ្រងដោយខ្លួនឯងផ្ទាល់, ទី៣ ៖ ដឹងពីបញ្ហាប្រឈមជាមុនក្នុងការអនុវត្តគម្រោងនីមួយៗ, ទី៤៖ ដឹងពីរបៀបបង្កើតក្រុម គ្រប់គ្រងក្រុម ដឹកនាំក្រុម និងដោះស្រាយបញ្ហានៅក្នុងក្រុម និង ទី៥៖ ការយល់ដឹងគន្លឹះក្នុងការទប់ទល់ជាមួយម្ចាស់គម្រោងជាដើម។

លោក អេង លាភា បានអះអាងថា សៀវភៅរបស់លោក គឺសរសេរចេញពីទីលានលក់តែម្ដងមិនមែនសរសេរចេញពីការស្រមៃទេ ព្រោះថាអ្នកនិពន្ធផ្ទាល់ លោកធ្លាប់ជាតួអង្គក្នុងគម្រោងជាច្រើន ហើយក៏ជាអ្នកគ្រប់គ្រងក្នុងគម្រោងអចលនទ្រព្យដែរ។

សូមបញ្ជាក់ថា សៀវភៅនេះមានកម្រាស់ ១៤០ទំព័រ និងមានមាតិកាសំខាន់ៗចំនួន ១១ចំណុច ក្នុងនោះរួមមានបទពិសោធន៍លក់ដីឡូតិ៍ គន្លឹះនៃការចាប់ផ្ដើមចរចាតម្លៃនិងលក្ខខណ្ឌផ្សេងៗ ការពង្រាងកិច្ចសន្យាសហការលក់ដីឡូតិ៍ គន្លឹះនៃការប្រឈមសំខាន់សំខាន់ក្នុងការអនុវត្តគម្រោង ការពង្រឹងសមត្ថភាពក្រុមអ្នកលក់ គោលការណ៍គ្រប់គ្រងសាច់ប្រាក់ និងការបិទបញ្ចប់ការលក់ផងដែរ៕