(កោះកុង)៖ លោកបណ្ឌិត វង់ សណ្ដាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រព័ន្ធស្បៀង បម្រុងកម្ពុជា (ប.ស.ប.ក) សហការជាមួយរដ្ឋបាលខេត្តកោះកុង នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាស្តីពីការ «ផ្សព្វផ្សាយការផ្គត់ផ្គង់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃ ដល់កសិករដែលមានតម្រូវការ ដាំដុះដំណាំបន្លែ» ក្នុងខេត្តកោះកុង។

គ្រាប់ពូជដែលបានផ្តល់ជូនប្រជាពលរដ្ឋរួមមាន៖ នៅក្នុង១គ្រួសារចំនួន ៤មុខ សរុប ៧កញ្ចប់ ដែលជាគ្រាប់ពូជបានសិក្សាពិសោធន៍ ដាំដុះដោយស្ថានីយ៍ក្បាលកោះ ជាស្ថានីយ៍របស់រដ្ឋ ស្ថិតក្រោមក្រសួងកសិកម្ម ហើយបន្លែនេះ ជាពូជបន្លែដែលអាចទុកពូជប្រើប្រាស់ទៀតបាន។

លោកបណ្ឌិត វង់ សណ្ដាប់ បានថ្លែងថា ដោយមានការគិតគូយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្ត ពិសេសអាជ្ញាធរខេត្តកោះកុង បានស្នើរសុំគ្រាប់ពូជ និងផ្តល់ការបង្រៀនបច្ចេកទេស កសិកម្មដល់ប្រជាពលរដ្ឋ ដោយថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់ដីចំនួន ១០០០គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទើបខាងលេខាធិការដ្ឋាន នៃគណៈកម្មការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រៀបចំសិក្ខាសាលានេះឡើង។

លោកបានបន្តថា សម្រាប់ខេត្តកោះកុង គឺជាខេត្តទី១១ហើយ នៃការផ្គត់ផ្គង់គ្រាប់ពូជដំណាំជាប្រព័ន្ធនេះ បន្ទាប់ពីខេត្តកំពង់ធំ ហើយបើគិតដល់ពេលនេះ រាជរដ្ឋាភិបាលយើងបានផ្គត់ផ្គង់គ្រាប់ ពូជដំណាំដល់ប្រជាពលរដ្ឋ បានចំនួន៧២ក្រុង-ស្រុកមាន ៦៣៣ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋមកទទួលគ្រាប់ពូជជាង ២៥០,០០០គ្រួសារ បើគិតចំនួនមនុស្សជាង ១លាននាក់ ដែលបានទទួលផលប្រយោជន៍ពីកម្មពិធីរបស់រាជរដ្ឋាភិបាល។

លោក វង់ សណ្ដាប់ បានបញ្ជាក់ថា ហេតុដែរនាំឱ្យមានកម្មពិធីនេះឡើង ដោយមិនមែនចៃដន្យនោះទេ គឺកើតឡើងដោយសារតែ អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចង់លើកទឹកចិត្ត និងជួយដល់កសិករ។ ក្រៅពីធ្វើស្រែឱ្យបន្ថែម ការដាំដំណាំរួមផ្សំ ព្រោះដំណាំរួមផ្សំអាចឲ្យពួកគាត់ បានស្បៀងដំណាំបន្លែដោយមិនបាច់ទិញនៅតាមទីផ្សារ ហើយពិសេសដំណាំដាំដុះខ្លួនឯង គឺជាដំណាំដែរប្កបដោយសុវត្តិភាពសំរាប់សុខភាព ព្រមទាំងអាចសន្សំនឹងទទួលប្រាក់ចំណូលបន្ថែម។

លោក វង់ សណ្ដាប់ បានបន្ថែមទៀតថា សម្រាប់ជីវភាពគ្រួសារ បើយើងដាំដុះបន្លែសុវត្តិភាព របស់ខ្លួនឯងបានច្រើន យើងអាចចូលរួមផ្គត់ផ្គង់ ទៅលើទីផ្សារ ក្នុងស្រកដោយមិនចាំបាច់ នាំចូលបន្លែផ្លែឈើ ពីប្រទេសក្រៅ ហើយក៏អាចកាត់បន្ថយនឹងលុបបំបាត់បន្លែ ផ្លែ ឈើ ដែលមានសារធាតុគីមីបានមួយចំនួនផងដែរ។ ដើម្បីសុខភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើន ហើយពួកគាត់ងាកមកចាប់អារម្មណ៍ លើបន្លែសុវត្តិភាពដើម្បីសុខភាព ទាំងនេះជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោកសូមសំណូមពរ ដល់បងប្អូនដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលាថា ក្រោយបញ្ចប់សិក្ខាសាលានេះ សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់បងប្អូនដែលមានបំណងចង់ដាំដុះ និងចូលរួមដាំដុះទាំងអស់គ្នា ដើម្បីសុខភាពសុវត្តិភាពចំណីអាហារ និងការរីកចម្រើន ក្នុងនោះដែរមន្ត្រីជំនាញ ជាវាគ្និនបានបង្ហាញពីការដាំដុះឱ្យបានទិន្នផលខ្ពស់ ក្នុងការបង្កើនផលផ្នែកកសិកម្មផងដែរ។

លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណអរគុដល់រដ្ឋាភិបាល និងលេខាធិកាដ្ឋាននៃគណៈកម្មកាប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃនេះ ដើម្បីផ្តល់គ្រាប់ពូជ និងបច្ចេកទេសដាំដុះបន្ថែមដល់អាជ្ញាក្រុង-ស្រុក-ឃុំ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីផលប្រយោជន៍ នៃការដាំដុះបន្លែ និងដំណាំរួមផ្សំជាលក្ខណៈគ្រួសារសម្រាប់ធានាបង្កើនប្រភពចំណូល ការសន្សំសំចៃថវិកា ធានាសុវត្ថិភាពចំណីអាហារក្នុងក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល ជាពិសេសគឺប្រជាពលរដ្ឋក្នុងខេត្តកោះកុង ផ្ទាល់តែម្ដង៕