(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការទី២ គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា បើតាមការវាយតម្លៃជាប្រចាំឆ្នាំ មានទឹកប្រាក់ជាង៣០០លានដុល្លារ ត្រូវបានខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការ សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករ-និយោជិត ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់គ្រោះថ្នាក់ចរាចរណ៍ជាមួយសមាសភាពសង្គមទាំងអស់ មិនថាតែកម្មករ កម្មការិនីទេ គឺសុទ្ធតែជួបផលវិបាកមុនគេ គឺជនរងគ្រោះ បន្ទាប់មកគឺក្រុមគ្រួសារ ក្រោយមកទៀត គឺដល់សេដ្ឋកិច្ចជាតិ។ ជាប្រចាំឆ្នាំ តាមការវាយតម្លៃ ថវិកាប្រមាណជាង៣០០លានដុល្លារ ត្រូវខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ការវាយតម្លៃក្រៅផ្លូវការ)»

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងផងដែរថា កម្មករ-កម្មការិនីបច្ចុប្បន្ននេះមួយចំនួន ដោយសារមានជីវភាពកាន់តែល្អប្រសើរនោះ ពួកគាត់មានលទ្ធភាពទិញយានយន្តបើកបរដោយខ្លួនឯង កំណត់លើជោគវាសនាក្នុងការបើកបរ ដែលពីមុននេះពួកគាត់ជិះរថយន្តឈ្នួល ផ្ញើវាសនារបស់ពួកគាត់ ផ្ញើនៅអ្នកបើកបររថយន្ត។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ដទៀតថា «ឥឡូវនេះ ពួកគាត់មានជីវភាពធូរធារ មានលទ្ធភាពទិញមធ្យោបាយ សម្រាប់ជិះមកធ្វើការដោយខ្លួនឯង ដូច្នេះហើយការបើកបរនេះ ទាមទារឲ្យពួកគាត់ចេះច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន»។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានផ្ដាំផ្ញើឲ្យបងប្អូន កម្មករ-កម្មការិនី គោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនច្បាប់កំណត់, កុំវ៉ាជែងទាំងប្រថុយប្រថាន, ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ, មុនចេញដំណើរត្រូវមើលយានយន្ដឲ្យបានត្រឹមត្រូវ និងមិនត្រូវដឹកជញ្ជូន លើសកំណត់ជាដាច់ខាត។

បើតាមលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ កន្លងទៅ ប.ស.ស បានធ្វើការចុះផ្សព្វផ្សាយអប់រំ ដល់កម្មករ និយោជិតបានចំនួន ៥៥៤លើក និងមានអ្នកចូលរួមចំនួន ១០៧,៦២៨នាក់ និងបានចុះផ្សព្វផ្សាយអប់រំ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត បានចំនួន២៦៤លើក និងមានអ្នកចូលរួមបានចំនួន៤២,១២៦នាក់។

លោក អ៊ុក សមវិទ្យា បានបន្ថែមទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើកម្មករនិយោជិតក្នុងឆ្នាំ២០១៨កន្លងទៅ មានចំនួន១,៧១០លើក ដែលមានជនរងគ្រោះ សរុបចំនួន១,៨៦៣នាក់ បណ្តាលឲ្យស្លាប់ចំនួន៤២នាក់ របួសធ្ងន់ចំនួន ៣៣២នាក់ និងរបួសស្រាលចំនួន ១,៤៨៩នាក់៕