(ភ្នំពេញ)៖ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងរៀបចំទិវាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា TVET Day ជាលើកទី២ ក្រោមប្រធានបទ «TVET អាចធ្វើបាន» ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ នៅមជ្ឍមណ្ឌលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោក ថង សាម៉ុន អគ្គនាយករងអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទិវានេះធ្វើឡើងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់ និងអាហារូបករណ៍របស់វិស័យអប់រំ បណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ ជូនដល់សាធារណជន ជាពិសេសសិស្សានុសិស្ស ដែលនៅសាលាចំណេះទូទៅ ដែលគាត់នឹងត្រូវរៀនជំនាញអ្វី ក្រោយពីគាត់បញ្ចប់ការសិក្សា។

ជាមួយគ្នានោះ ក្នុងទិវានេះ ក៏មានការបង្ហាញជាស្នាដៃ របស់សិស្ស-និសិ្សត រៀនបច្ចេកទេសវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជន ក្រសួងស្ថាប័នពីខ្សែច្រវាក់ផលិតកម្មរបស់គាត់ ហើយក៏មានការធ្វើបទបង្ហាញផ្ដល់ព័ត៌មាន ទីផ្សារការងារ ជូនដល់សិស្សានុសិស្ស មិនថា សិស្សរៀនក្នុងបច្ចេកទេស ក៏ដូចជាសិស្ស រៀននៅសាលាទូទៅ យើងផ្ដល់ព័ត៌មានជូនគាត់។ នេះការបញ្ជាក់បន្ថែម របស់លោក ថង សាម៉ុន។

លោក ថង សាម៉ុន បានបញ្ជាក់ទៀតថា «គោលបំណងសំខាន់ នៃទិវាជាតិអប់រំនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថាន បណ្ដុះបណ្ដាលជាមួយក្រុមហ៊ុនឯកជន ឲ្យពួកគាត់បានស្គាល់គ្នា និងមានទំនាក់ទំនងគ្នា ទៅថ្ងៃមុខថា គាត់បណ្ដុះបណ្ដាលចប់ គាត់បញ្ជូនសិស្ស ចុះទៅកម្មសិក្សា ឬក៏ផ្ដល់ឱកាសការងារ ហើយក្រុមហ៊ុនអាចមកសហការ ជាមួយសាលាបណ្ដុះបណ្ដាលបច្ចេកទេសថាគួរ ជួយសាលាបច្ចេកទេស តាមរបៀបណាផងដែរ»។

លោកបន្ដថា ទិវានេះ សាធារណជនទូទៅ អាចចូលរួមបានដោយសេរី ជាពិសេសសិស្សានុសិស្ស នៅសាលាចំណេះទូទៅ ប្អូនៗគួរតែចូលរួមទស្សនា នៅទិវាជាតិនេះ ហើយពិសេសមួយទៀត សិស្សនិស្សិត នៅក្នុងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ គួរតែចូលរួមនៅក្នុងទិវាជាតិនេះ។

លោកថា «ការចូលរួមនេះ ដោយសេរី គឺទៅយកព័ត៌មានអាហារូបករណ៍ ទៅយកព័ត៌មាននូវការសិក្សា ទៅយកព័ត៌មាននូវតម្រូវការទីផ្សារការងារ ហើយទៅមើលស្ថាប័ន ក៏ដូចជាគ្រឹះស្ថាន ក៏ដូចជាក្រុមហ៊ុន បង្ហាញពីខ្សែច្រវាក់ផលិតកម្ម បង្ហាញពីកម្មវិធីសិក្សា បង្ហាញពីព័ត៌មានផ្សេងៗ នៅទីនោះ»