(ភ្នំពេញ)៖ សម្រាប់សិស្សានុសិស្ស ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នោះ ជាដំណឹងល្អព្រោះថា ព័ត៌មានអាហារូបករណ៍មិនតិចជាង១.៥ម៉ឺនកន្លែងទេ នឹងត្រូវបង្ហាញនៅក្នុងទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ( TVET Day) ដែលរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៩ នៅកោះពេជ្រ។

លោក ថង សាម៉ុន អគ្គនាយករងអប់រំបច្ចេកទេស វិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា «អាហារូបករណ៍របស់គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងស្ថាប័នផ្សេងៗមិនតិចជាង១.៥ម៉ឺនកន្លែងនោះទេ ដែលមានក្នុងទិវា TVET Day»។

លោកបន្ដថា អាហារូបករណ៍នេះនឹងសិក្សារយៈពេល១ឆ្នាំ, ២ឆ្នាំ ឬ៤ឆ្នាំ ក្រៅពីអាហារូបករណ៍ក្នុងស្រុក ក៏មានអាហារូបករណ៍នៅក្រៅប្រទេសរួមមាន៖ ចិន, ជប៉ុន និងកូរ៉េជាដើម។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅរួចជាស្រេចហើយ គឺឆ្នាំ២០៣០ កម្ពុជាត្រូវតែជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ដូច្នេះគោលដៅរបស់រាជរដ្ឋាភិបាល ទាមទារឲ្យកម្ពុជាមានអ្នករៀនជំនាញបច្ចេកទេសច្រើន ហើយទីផ្សារបច្ចុប្បន្ននេះមានទំហំធំ ដែលត្រូវការអ្នកបច្ចេកទេស ដើម្បីកសាងរោងចក្រ ឬវារីអគ្គិសនីជាដើម។

លោកបញ្ជាក់ថា ដើម្បីគាំទ្រដល់វិស័យសេដ្ឋកិច្ចជាតិ កម្ពុជាត្រូវការអ្នកបច្ចេកទេសនាពេលអនាគត ច្រើនជាងបច្ចុប្បន្ននេះ៕